(ភ្នំពេញ)៖ ក្នុងទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ ក្រសួងកិច្ចការនារី បានចេញសេចក្ដីអំពាវនាវដល់យុវវ័យ គួរពិចារណានូវអ្វី ដែលគួរធ្វើ ឬមិនគួរធ្វើ សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក្នុងការថែរក្សា នូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ឲ្យបានខ្ជាប់ខ្ជួន សក្តិសមជាកុលបុត្រកុលធីតាខ្មែរ ជាអ្នកបន្តវេន។ នេះបើតាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងសេចក្ដីអំពាវនាវ បានសរសេរយ៉ាងដូច្នេះថា «ក្រសួងកិច្ចការនារី សូមកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសយុវវ័យ ដែលបាន និងកំពុងរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់ សីលធម៌សង្គម និងតម្លៃស្ត្រី ព្រមទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ក្នុងទិវានៃក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ កន្លងមក។
ទិវានៃក្តីស្រឡាញ់ មិនមែនជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ហើយអត្ថន័យនៃទិវានេះ គួរប្រើប្រាស់សម្រាប់ការចែករំលែកនូវសេចក្តីស្រឡាញ់ ចំពោះមនុស្សដែលនៅជុំវិញខ្លួន ដូចជា មាតាបិតា អាណាព្យាបាលក្រុមគ្រួសារ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិជាដើម ប្រកបដោយសេចក្តីថ្លៃថ្នូរ ទំនួលខុសត្រូវ និងផ្តល់តម្លៃដល់អ្នកទាំងនោះ ក៏ដូចជាផ្តល់តម្លៃដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ នៃសេចក្តីស្រឡាញ់។
ក្រសួងកិច្ចការនារី សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវវ័យ សូមបន្តផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំ និងក្រើនរំលឹកដល់ បងប្អូន កូនចៅ គួរពិចារណានូវអ្វី ដែលគួរធ្វើ ឬមិនគួរធ្វើសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក្នុងការថែរក្សា នូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ឲ្យបានខ្ជាប់ខ្លួន សក្តិសមជាកុលបុត្រកុលធីតាខ្មែរជាអ្នកបន្តវេន និងដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពជាតិ ស្របតាមការរីកចម្រើន នាពេលបច្ចុប្បន្ន។
សេចក្តីស្រឡាញ់ កើតមានចំពោះមនុស្សគ្រប់ៗគ្នា ហើយសម្តែងចេញ តាមរយៈការគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមកការថែរក្សា ការពារ និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា»៕
ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវ របស់ក្រសួងកិច្ចការនារី៖