(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា រាល់ការកាប់បំផ្លាញព្រៃឈើ ត្រូវតែផន្ទាទោស និងបង្រ្កាប ហើយសម្តេចបានចេញបញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ បាញ់បង្រ្កាបរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមរតកតេជោ» របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងទទួលនូវការឈឺចាប់ណាស់ នៅពេលគេស្រែកអំពីបញ្ហាកាប់បំផ្លាញព្រៃឈើ កាប់បំផ្លាញព្រៃឈើ ត្រូវតែមានទោសទណ្ឌ ហើយត្រូវតែបង្រ្កាប។ ខ្ញុំឲ្យឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចអត់ទាន់បាញ់មួយគ្រាប់ផងទេអី។ ខ្ញុំឲ្យបាញ់ បើថាវាព្រហើន រ៉ូកែតដាក់ពីលើតែម្តងអត់មានរញ៉េរញ៉ៃ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្តីបន្ទោសទៅដល់មន្រ្តីពាក់ព័ន្ធ នៅតាមមូលដ្ឋានផងដែរ ដែលមិនបានបង្រ្កាបបទល្មើសព្រៃឈើ។ សម្តេច បានលើកឡើងថា បទល្មើសព្រៃឈើ វាមិនពិបាកដូចបទល្មើសគ្រឿងញៀនទេ តែហេតុអ្វីមន្រ្តីនៅតាមមូលដ្ឋានមិនបង្រ្កាប។
សម្តេចបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «បើថា លួចគ្រឿងញៀន លួចរត់ពន្ធគ្រឿងញៀនវាពិបាក។ ប៉ុន្តែរឿងដឹកឈើនេះ អាហ្នឹងវាដឹកនឹងឡាន ហើយធំៗណាស់ ចុះគ្រប់ផ្នែកទៅណាអស់ ទាំងភ្នែកទាហាន ភ្នែកប៉ូលិស ភ្នែកផ្នែកបេអឹម ទាំងភ្នែករដ្ឋបាល ទាំងភ្នែកព្រៃឈើ និងភ្នែកបរិស្ថាន ទៅណាអស់ទៅ ឬក៏អាហ្នឹង នឹងគេដែរ»។
សូមបញ្ជាក់ថា ដើម្បីបង្រ្កាបការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដោយមាននាយឧត្តសមេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន។
ក្នុងប្រតិបត្តិការស្វែងរកបទល្មើសព្រៃឈើ អស់រយៈពេលជាង ១ខែកន្លងមកនេះ សំណុំរឿងព្រៃឈើចំនួន ២៦ករណី ត្រូវបានបញ្ជូនទៅកាន់តុលាការ តែសំណុំរឿងទាំង ២៦ករណីនេះ គ្រាន់តែជាបទល្មើសតូចតាចប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ របស់លោក អេង ហ៊ី អ្នកនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក អេង ហ៊ី ធ្លាប់បានប្រាប់ Fresh News ថា ការបង្រ្កាបបទល្មើសព្រៃឈើកន្លងមកនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាង នៃបទល្មើសមួយចំនួនដូចជា នៅខេត្តស្ទឹងត្រែងរកឃើញឈើ ៣,២៨៣ដុំ ស្មើ២៥០.១៩៤ម៉ែត្រគូប គោយន្តកន្ត្រៃយ៍ ៤គ្រឿង និងរណាយន្តចំនួន ៤គ្រឿង។
នៅខេត្តមណ្ឌលគីរី ចាប់រថយន្តបានចំនួន ៨គ្រឿង ទោចក្រយានយន្ត ២គ្រឿង ម៉ាស៊ីនអាឈើចំនួន ១គ្រឿង ម៉ាស៊ីនជ្រៀកឈើចំនួន ១គ្រឿង រណាយន្ត ២គ្រឿង ម៉ាស៊ីនគោយន្ត១គ្រឿង។
ខេត្តរតនៈគិរី ចាប់ឈើបាន ៥៦៥ដុំ ស្មើ ១៧៦,៤០៩ម៉ែត្រគូប និង ខេត្តក្រចេះ ចាប់ឈើបានចំនួន ៣,០៩៤កំណាត់ ស្មើ ៦៦៧,៥០៦ម៉ែត្រគូប ជន្លង់ម្រេចចំនួន២៤៦ រណាយន្តចំនួន១គ្រឿង។
ចំពោះក្រុមហ៊ុនដែលមានការពាក់ព័ន្ធនឹងព្រៃឈើធំៗក្នុងខេត្តរតនៈគិរីវិញ រួមមាន៖ ក្រុមហ៊ុនដូនពេញមានឈើ ៨,៨៣៣កំណាត់ ស្មើ ១៨៥ម៉ែត្រគូប, ក្រុមហ៊ុន ទ្រីភាព មានឈើ ៨១៥៧ដុំ ស្មើ ២៧៥,៤៦០ម៉ែត្រគូប, ក្រុមហ៊ុនចែងប៉ូលីន មានឈើ ១,៣១២,៩១៥ម៉ែត្រគូប៕
សម្តេចតេជោ ហ៊ុន សែន បញ្ជាលោក សៅ សុខា ឲ្យបាញ់បង្រ្កាបក្រុមកាប់ប...សម្តេចតេជោ ហ៊ុន សែន បញ្ជាលោក សៅ សុខា ឲ្យបាញ់បង្រ្កាបក្រុមកាប់បំផ្លាញព្រៃឈើ(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា រាល់ការកាប់បំផ្លាញព្រៃឈើ ត្រូវតែផន្ទាទោស និងបង្រ្កាប ហើយសម្តេចបានចេញបញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ បាញ់បង្រ្កាបរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ។http://www.freshnewsasia.com/index.php/en/18692-2016-02-25-05-43-38.html
Posted by Fresh News on Wednesday, February 24, 2016