(សៀមរាប)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា រយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរបានទៅទស្សនាកម្សាន្តក្នុងខេត្តសៀមរាបមានប្រមាណ ៧.៨ ម៉ឺននាក់ ខណៈគោលដៅទស្សនាសំខាន់ៗមានដូចជាឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម។
លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងថ្ងៃចូលឆ្នាំចិន សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រមាណ ៤.៤ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៩៩២ នាក់ ថយចុះ ៧៥.៨៣% និងភ្ញៀវទេសចរខ្មែរមានចំនួន ៤.៣ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ៣.១ ម៉ឺននាក់ និងប្រមាណ ១.២ ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម។
លោកប្រធានមន្ទីរបានថ្លែងយ៉ាងដូច្នេះថា «សម្រាប់រយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈនេះ ភ្ញៀវទេសចរដើរកម្សាន្តក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ៧.៨ ម៉ឺននាក់ ក្នុងចំណោមនោះមានភ្ញៀវទេសចរបរទេសមានចំនួន ១,៤៧៦ នាក់ ថយចុះ ៨៨.២៤% និងភ្ញៀវទេសចរខ្មែរមានចំនួន ៧.៧ ម៉ឺននាក់»។
លោកបានបញ្ជាក់ពីសភាពការណ៍ទូទៅ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺគ្មានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ រីឯវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាលនោះទៀតសោត ក៏បាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ផងដែរ៕