(ភ្នំពេញ)៖ តំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលប្រមាណ៥០ បានចេញសេចក្តីថ្លែងការណ៍រួមដោយ គាំទ្របញ្ឈប់ការប្រើប្រាស់ សេវារថយន្តក្រុងកាពីតូល ហើយអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមធ្វើពហិកាជាមួយខ្លួន។ នេះបើតាម សេចក្តីប្រកាសព័ត៌មានចេញពីអង្គការលីកាដូដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលទាំងនេះ បានលើកឡើងថា «សូមប្រកាសគាំទ្រពេញទំហឹងចំពោះការធ្វើពហិការជាបន្តបន្ទាប់ចំពោះក្រុមហ៊ុនកាពីតូល ខូ អិល.ធី.ឌី ដែលគេស្គាល់ថាកាពីតូលទេសចរណ៍ និងសូមអំពាវនាវដល់សាធារណជនទូទៅចូលរួមពហិកានេះជាមួយគ្នាដោយសារតែក្រុមហ៊ុនបានបណ្តេញចេញនិយោជិតរបស់ខ្លួនដោយពុំត្រឹមត្រូវ និងបង្ក្រាបលើចលនារបស់សហជីព។ ក្រុមហ៊ុនទេសចរណ៍កាពីតូលបានរំលោភយ៉ាងបំពានទៅលើសិទ្ធិការងារ និងសេរីភាពមូលដ្ឋានរបស់និយោជិតខ្លួន ហើយយើងសូមថ្កោលទោសចំពោះទង្វើរបស់ក្រុមហ៊ុននេះ»។
ការសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលទាំងនេះ បានធ្វើឡើងបន្ទាប់ពីអំពើហិង្សាមួយ នៅខាងមុខក្រុមហ៊ុនកាពីតូល កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ រវាងសន្តិសុខ-ក្រុមអ្នករត់ម៉ូតូកង់បី ជាមួយនឹងអតីតអ្នកបើករថយន្តក្រុងកាពីតូលប្រមាណ ៤៥នាក់ ដែលទៅតវ៉ាទាមទារឱ្យថៅកែអនុញ្ញាតឱ្យខ្លួនចូលធ្វើការវិញ។ ហិង្សានេះ បានបណ្តាលឱ្យសមត្ថកិច្ចឃាត់ខ្លួន អ្នកតវ៉ា២នាក់ បញ្ជូនទៅតុលាការ។ ទោះជាយ៉ាងណាក្រុមតំណាងអង្គការសង្គមស៊ីវិល បានចាត់ទុកករណីនេះថា ជាការអនុវត្ត ចំណាត់ការលម្អៀតទៅខាងក្រុមហ៊ុនកាពីតូល។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមរបស់តំណាងអង្គការសង្គមស៊ីវិល៖