(កំពង់ស្ពឺ)៖ ដោយបានការអនុញ្ញាត និងផ្តល់អនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះយោធិន នៃកងរជអាវុធហត្ថរាជធានី-ខេត្ត ក្រៅពីការងារស្នូល បង្ការ បង្ក្រាប សង្គ្រោះ ត្រូវចូលរួមរាល់កិច្ចការមនុស្សធម៍ទៅតាមលទ្ធភាព ដោយសហការជារដ្ឋបាលរាជធានី-ខេត្ត ដើម្បីរួមចំណែកគ្រប់កិច្ចមនុស្សជួយដល់ប្រជាពលរដ្ឋ ជនងាយរងគ្រោះកំពុងជួបការខ្វះខាតនៅតាមមូលដ្ឋាន។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយការបានចូលចំណែកពីសំណាក់ នាយទាហាន នាយទាហានរងទាំងអស់ក្រោមការអំពាវនាវរបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានអញ្ជើញផ្តល់ ថវិកា៧,០០០,០០០រៀល, មីចំនួន១៨កេស, ឣង្ករ ចំនួន២០បាវ, ទឹកសុទ្ធ ចំនួន១០០យួរ ប្រគល់ជូនលោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីយកទៅចែកជូននិវត្តន៍ជន ឣតីតយុទ្ធជន កុមារកំព្រា ជនពិការ ទុរគតជន នៅតាមមូលដ្ឋាន និងមណ្ឌលមួយចំនួនក្នុងខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសទទួលថវិកា នាពេលនោះ លោក សរ សុពុត្រា ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានលើកឡើងថា ជានិច្ចជាកាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពីមួយឆ្នាំទៅមួយឆ្នាំ បានចូលរួមសហការបេសកម្មការងារ បង្ការ បង្ក្រាប សង្គ្រោះ ជាមួយរដ្ឋខេត្តលើគ្រប់វិស័យ ក្នុងនោះក៏បានរួមចំណែកបន្ថែមរាល់ការអំពាវនាវលើកិច្ចការមនុស្សធម៍ ជាមួយគ្នានេះកម្លាំងនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភរួមចំណែកគ្រឿងឧបភោគបរិភោគ ជូនដល់មូលនិធិថ្ងៃនៃក្តីស្រាឡាញ់ ក្រោមប្រធានបទ រួមគ្នាដើម្បីស្នាមញញឹម ដើម្បីយកទៅចែកជូននិវត្ដន៍ជន ឣតីតយុទ្ធជន កុមារកំព្រា ជនពិការ ទុរគតជន នៅតាមមូលដ្ឋានថែមទៀត។
លោកបានបន្ថែមថា នេះជាទង្វើមនុស្សធម៍មិនអាចកាត់ថ្លៃបានក្នុងនាមជាកងកម្លាំង បានចូលដ៏ធំធេងការងារការពារ សន្តិសុខសុវត្តិភាព ជូនប្រជាពលរដ្ឋផង និងជួយទាំងភាពខ្វះខាតផង។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា តបតាមការណែនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា កងកម្លាំងទោះមានភារៈកិច្ចស្នូល ការងារ បង្ការ បង្ក្រាប សង្គ្រោះ ក៏នៅមានកិច្ចមនុស្សធម៍ គឺត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ហើយត្រូវមើលថែគ្នាក្នុងគ្រាក្រ ជាពិសេសសុខរបស់ប្រជាពលរដ្ឋទាំងអស់ដោយមិនទុកនរណាម្នាក់ចោលឡើយ៕