(ពោធិ៍សាត់)៖ រថយន្ដដឹកហ្គាស បើកគេចរថយន្ដកាម៉ារី រ៉េចង្កូចធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង ក្រឡាប់ធ្លាយហ្គាសផ្អើលដល់អ្នកស្រុក និងអង្គភាពពន្លត់អគ្គីភ័យ ចេញអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតក្នុងភូមិក្ដីស្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការខេត្តបានប្រាប់ភ្នាក់ Fresh News ឲ្យដឹងថា រថយន្ដដឹកហ្គាសរបស់ក្រុមហ៊ុន ចាន់ណាផល្លាគ្រុប បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានគេចរថយន្ដកាម៉ារី វេរចង្កូចធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង ក្រឡាប់ធ្លាយហ្គាស់ ផ្អើលដល់អ្នកស្រុក និង អង្គភាពពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានយករថយន្ដត្រៀមអន្តរាគមន៍ នៅកន្លែងកើតហេតុ។
លោកបានឲ្យដឹងទៀតថា នៅក្នុងករណីនេះ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬបង្កអគ្គីភ័យនោះទេ គឺធ្លោយហ្គាសបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុការណ៍នេះ បណ្ដាលមកពីអ្នកបើកបរ រថយន្ដដឹកហ្គាស ខ្វះការប្រុងប្រយ័ត្ន។ រីឯហ្គាស់ត្រូវបានក្រុមហ៊ុន យករថយន្តផ្ទេររួចរាល់ហើយ។
ដោយឡែកក្រោយបុកបាក់បង្គោលភ្លើងនេះ អគ្គិសនីបាត់ដំបង បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ចរន្តអគ្គិសនី តាមបណ្តោយផ្លូវជាតិលេខប្រាំ ចាប់ពីភូមិ ក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ រហូតដល់ ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង មានការដាច់ចរន្តអគ្គិសនី។ ចំពោះមុខកិច្ចការបន្ទាន់នេះ ក្រុមប្រចាំការជួសជុលរបស់អង្គភាពអគ្គិសនីបាត់ដំបង ដែលប្រចាំការនៅខេត្តពោធិ៍សាត់ បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្ត ជាលក្ខណៈបណ្តោះអាសន្នរួចរាល់ ហើយបាននិងកំពុងសហការជាមួយ សេវាករនៅទីតាំងនោះ ដើម្បីធ្វើការជួសជុល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ភាពរអាក់រអួលនៃការដាច់ចរន្តនេះ៕