(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺជាខួបមួយឆ្នាំនៃការចូលចតនាវាទេសចរណ៍ Westerdam ដែលមានអ្នកដំណើរ និងក្រុមនាវិកសរុបចំនួន ២,២៥៧ នាក់ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពក្នុងពេលកំពុងផ្ទុះរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រតិភូអមដំណើរជាច្រើន។
កាលណោះ អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាព និងផ្តល់ភាពកក់ក្តៅយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងឱកាសនោះក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរៀបចំការសម្តែងសិល្បៈជូនទស្សនា ប្រចាំថ្ងៃដើម្បីផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរដល់អ្នកដំណេីរ។
ព្រឹត្តិការណ៍មនុស្សធម៌ជាប្រវត្តិសាស្រ្តនេះ ទទួលបានការកោតស្ញប់ស្ញែងពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលៗរបស់ពិភពលោក រួមមាន អង្គការសុខភាពពិភពលោក (WHO) អង្គការទេសចរណ៍ពិភពលោក (UNWTO) និងសាធារណជនទូទៅ ដោយបានប្រសិទ្ធនាមថា កម្ពុជា៖ ប្រទេសតូច តែបេះដូងទូលាយ។
ដើម្បីអបអរសាទរខួប១ឆ្នាំ នៃការចូលចតរបស់នាវាខាងលើនេះ ក្រសួងទេសចរណ៍បានផលិតវីដេអូ និងកម្រងរូបភាពសម្រាប់ធ្វើការផ្សព្វផ្សាយ។ ក្នុងន័យនេះ សូមប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន និងសាធារណជន ចូលរួមផ្សព្វផ្សាយឱ្យបានផុសផុល និងទូលំទូលាយ សំដៅទាក់ទាញទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្ពុជាក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ ក្រោមយុទ្ធនាការ កម្ពុជា៖ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
សូមទំនាក់ទំនងនាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ក្រៅប្រទេស ក្រសួងទេសចរណ៍ តាមរយៈទូរស័ព្ទលេខ ០១៧ ៩៣៨ ៣៩៣ ឬអ៉ីម៉ែល [email protected] ដើម្បីទទួលបានវីដេអូ និងរូបភាពផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ខាងលើនេះ៕