(ភ្នំពេញ)៖ លោក មូសា អះម៉ាត់ សាស្ត្រាចារ្យសាសនាឥស្លាម ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាម៉ាឌីណៈ នៃព្រះរាជាណាចក្រ អារ៉ាប់ប៊ី សាអ៊ូឌីត បានបង្ហោះខ្លឹមសារ ជាអត្ថន័យនៃសេចក្ដីស្រលាញ់សំរាប់អ្នកឥស្លាម នៅក្នុងសហគមន៍ និងពិភពលោក ដែលឈរលើគោលការណ៍សន្តិភាពនៃសាសនា ពោលគឺការស្រលាញ់នេះ មិនមែនសំរាប់តែប្រព្រឹត្តិទៅមួយថ្ងៃនោះទេ គឺសំរាប់ជារៀងរាល់ថ្ងៃ។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ទៀតថា ការស្រលាញ់ពិតប្រាកដ គឺជាការស្រលាញ់ដែលនៅស្ថិតស្ថេរយូរអង្វែង ព្រោះវាជាការអនុវត្តនូវទង្វើពិត តាមវិធីត្រឹមត្រូវស្របច្បាប់ ដែលបញ្ជាក់ពីក្តីស្រលាញ់ ហើយវាគឺខុសពីការសម្តែង ។
ខ្លឹមសារជារួមដែល Fresh News ទទួលបាននៅថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២១នេះ ដែលមានអត្ថន័យដូចខាងក្រោម៖
* ក្តីស្រលាញ់សំខាន់ៗនៅក្នុងសាសនាឥស្លាមមាន ៖
១៖ ការស្រលាញ់ចំពោះអល់ឡោះ គឺការមានជំនឿទៅចំពោះទ្រង់ ការអនុវត្តតាមបទបញ្ជាទាំងឡាយ និងចៀសវាងពីបំរាមនានារបស់ទ្រង់
២៖ ការស្រលាញ់ចំពោះអ្នកនាំសាររបស់អល់ឡោះ គឺការជឿតាមអ្វីដែលលោកប្រាប់ ការអនុវត្តតាមអ្វីដែលលោក បានណែនាំនិងចៀសវាងពីអ្វី ដែលលោកបានហាមឃាត់
៣៖ ការស្រលាញ់ចំពោះអ្នកមានជំនឿចំពោះអល់ឡោះដូចគ្នា គឺការចង់ឲ្យពួកគាត់ទទទួលបានប្រការល្អ ដូចអ្វីដែលអ្នកចង់បានសំរាប់ខ្លួនឯង និងចង់ឲ្យពួកគាត់ចៀសផុតពីប្រការអាក្រក់ ដូចអ្វីដែលខ្លួនរបស់អ្នកចង់ចៀសវាងពីវា
៤៖ ការស្រលាញ់ចំពោះមនុស្សទូទៅគឺការធ្វើល្អចំពោះពួកគេ ផ្តល់ភាពយុត្តិធម៌ដល់ពួកគេ មិនប្រព្រឹត្តអយុត្តិធម៌លើពួកគេ និងមានទំនាក់ទំនងល្អជាមួយនឹងពួកគេ
៥៖ ការស្រលាញ់ចំពោះឪពុកម្តាយ គឺការគោរពពួកគាត់ ប្រើពាក្យសំដីទន់ភ្លន់ចំពោះពួកគាត់ និងធ្វើកិច្ចការនានា ដើម្បីឲ្យពួកគាត់រីករាយ និងពេញចិត្ត -ល-
៦៖ ការស្រលាញ់ចំពោះអ្នកជិតខាង គឺការមានទំនាក់ទំនងល្អនឹងគ្នា ជួយគ្នានិងមិនធ្វើឲ្យប៉ះពាល់ដល់គ្នា -ល-
៧៖ ការស្រលាញ់ដែលជាមនោសញ្ចេតនា រវាងបុរសនឹងស្រ្តី គឺការប្រកាសពីក្តីស្រលាញ់របស់ខ្លួន ចំពោះដៃគូដោយចំហតាមវីធីសាស្រ្តស្របច្បាប់ ដូចជាការស្តីដណ្តឹង និងការរៀបអាពាហ៍ពិពាហ៍។
លោក មូសា អះម៉ាត់ ក៏បានក្រើនរម្លឹកទៅដល់យុវជន យុវនារីមូស្លីមទាំងអស់ ត្រូវស្វែងយល់ពីសេចក្ដីស្រលាញ់នៅក្នុងសាសនាឥស្លាម ឲ្យបានពិតប្រាកដ ចៀសវាងការភ្លើតភ្លើន ត្រាប់តាមមិត្តភក្ដិ ត្រាប់តាមសាសនាដទៃ ដែលនាំឲ្យដើរខុសពីផ្លូវសាសនាឥស្លាម ពោលគឺថ្ងៃទី១៤ កុម្ភៈ មិនមែនជាថ្ងៃសំរាប់ការភ្លើតភ្លើនទេ ប៉ុន្តែវាជាថ្ងៃដែលត្រូវបានសាសនន៍ដទៃ ប្រារព្ធឡើងសំរាប់រម្លឹកពីសេចក្ដីស្នេហា របស់ជនជាតិគេតែប៉ុណ្ណោះ គ្មានពាក់ព័ន្ធនឹងសាសនាឡើយ៕