(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ Fresh News នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ក្នុងថ្ងៃទីមួយនាឱកាសបុណ្យចូលឆ្នាំចិន (១២ កុម្ភៈ) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ក្នុងនោះខេត្តសៀមរាបទទួលបានច្រើនជាងគេ រីឯខេត្តព្រះសីហនុ បាត់ដំបង និងកំពត តាមប្រកៀកប្រកិតពីក្រោយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន២០៥,០៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២០០,៣៦៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៤,៧១១នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* ខេត្តសៀមរាប៖ ២៩,៤២៥នាក់
* ខេត្តព្រះសីហនុ៖ ២៤,៦៥៦នាក់
* ខេត្តបាត់ដំបង៖ ២៣,៥៥០នាក់
* ខេត្តកំពត៖ ២៣,២៧៨នាក់
* ខេត្តកណ្តាល៖ ២០,១២៣នាក់
* ខេត្តកែប៖ ១៩,៤៥៧នាក់
* ខេត្តកោះកុង៖ ៩,៧៦៦នាក់
* ខេត្តពោធិ៍សាត់៖ ៦,២៣៦នាក់
* ខេត្តកំពង់ចាម៖ ៥,៤១២នាក់
* ខេត្តរតនគិរី៖ ៥,២៧៣នាក់។
ជាការគួរកត់សម្គាល់របស់លោករដ្ឋមន្ត្រី ថោង ខុន ឃើញថាសម្រាប់ថ្ងៃទីមួយនេះ ចលនាដើរកម្សាន្តរបស់ប្រជាពលរដ្ឋនៅមិនទាន់មានចំនួនច្រើននៅឡើយ ដោយសារបុគ្គលិកនៅតាមអង្គភាព និងស្ថាប័នរដ្ឋ និងឯកជននៅបន្តធ្វើការធម្មតា ហើយម្យ៉ាងថ្ងៃដដែលនេះ ជាថ្ងៃតមសម្រាប់ប្រជាពលរដ្ឋកាត់សែស្រឡាយចិនមួយចំនួន ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅតាមខេត្តផងដែរ។ តាមការគ្រោងទុក នៅថ្ងៃសៅរ៍ និងអាទិត្យ ដែលជាថ្ងៃចូលឆ្នាំទីពីរ និងទីបី ចលនាភ្ញៀវទេសចរទៅកាន់គោលដៅនានានឹងមានសន្ទុះខ្លាំង។
លោកបានបន្តថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ពិសេសគីការអនុវត្តនូវវិធានការ «៣កុំ» និង «៣ការពារ»។ ក្រុមការងាររបស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យ ណែនាំដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជួបជុំទ្រង់ទ្រាយ និងកកកុញមនុស្សច្រើន និងទប់ស្កាត់ការដុតផ្អាវ និងកាំជ្រួចនានា ដើម្បីបង្កាគ្រោះអគ្គីភ័យនានា។ បណ្តាខេត្តជាប់ព្រំដែន ក៏បានខិតខំចាត់វិធានការម៉ឺងម៉ាត់ទប់ស្កាត់មិនឲ្យការឆ្លងចូលនៃជំងឺកូវីដ-១៩ ផងដែរ។
ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ សម្រាប់ថ្ងៃទីមួយនេះ។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មានផែនការណែនាំហ្មត់ចត់ដល់គ្រប់កម្លាំងសមត្ថកិច្ច៕