(ភ្នំពេញ)៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានអះអាងថា លិខិតដែលអគ្គនាយកដ្ឋានពន្ធនាគារអនុញ្ញាតឱ្យ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ចុះសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារព្រៃសនោះ ត្រូវបានទុកជានិរាករណ៍ហើយ ដោយសារតែក្នុងលិខិតនោះ ពុំបានកំណត់ពេលវេលាច្បាស់លាស់។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានរបស់លោក ត្រៀមនឹងចេញលិខិតថ្មីជូនលោកពេជ្រ ស្រស់ ដោយកំណត់ពេលវេលាច្បាស់លាស់ ត្រឹម១ពេលប៉ុណ្ណោះ សម្រាប់ការចុះសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដឹកនាំសមាជិករបស់ខ្លួនប្រមាណ១០នាក់ ដើម្បីចូលជួបសកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ នៅក្នុងពន្ធនាគារព្រៃស តាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ដែលចេញកាលពីម្សិលមិញ។ ប៉ុន្តែលោកត្រូវបានហាមឃាត់ដោយមន្រ្តីអនុរក្សពន្ធនាគារដោយសំអាងថា ផែនការត្រូវបានផ្លាស់ប្តូរ ។ នេះបើតាមការអះអាងរបស់ លោក ពេជ្រ ស្រស់។
ទោះជាយ៉ាងណាចំពោះករណីនេះ គណបក្សយុវជនកម្ពុជា ដែលទើបបង្កើតថ្មី បានប្រកាសថា នឹងធ្វើសន្និសីទកាសែតមួយ នៅម៉ោង៣៖០០រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីឆ្លើយតបចំពោះការមិនអនុញ្ញាតឱ្យចូលសួរសុខទុក្ខ សកម្មជនគណបក្សសង្រ្គោះជាតិ៕