(ព្រៃវែង)៖ លោក តាន់ សុខវិជ្ជា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកពារាំង ទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ចំពោះវិធានការការពារមេរោគកូវីដ-១៩ ខណៈមេរោគដ៏កាចសាហាវមួយនេះ បន្តយាយីដល់បងប្អូនជានិច្ច ប្រសិនបើមានការធ្វេសប្រហែស ហើយមិនធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនោះ។
ថ្លែងនៅក្នុងពិធីចែកអំណោយ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក តាន់ សុខវិជ្ជា និងភរិយា ជាតំណាងលោក មៀច សុផាន់ណា ប្រធានក្រុមការងារ បានលើកឡើងប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសនោះឡើយចំពោះមេរោគកូវីដ-១៩នេះ ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវបំផុត និងគ្រប់ពេលវេលា ត្រូវនៅគម្លាតគ្នា លាងដៃ និងពាក់ម៉ាស់ជាដើម។
លោកបានបន្តថា បើទោះបីជាមេរោគកូវីដ-១៩នេះ នៅប្រទេសកម្ពុជា ពុំមានអ្នកស្លាប់ក្តី ប៉ុន្តែប្រជាពលរដ្ឋទាំងអស់គ្នាក៏មិនត្រូវភ្លេចខ្លួន ក្នុងកិច្ចការពារវានោះដែរ ហើយនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំគ្រប់ពេលវេលាទាំងអស់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋខ្វះខាត ដោយបានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិមេរោគកូវីដ-១៩នេះផងដែរ។
ជាមួយគ្នានោះ លោក តាន់ សុវិជ្ជា ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ត្រូវរួមគ្នាឲ្យសកម្មបន្ថែមទៀតផងដែរ ក្នុងកិច្ចការជួយប្រជាពលរដ្ឋ ដោយមិនត្រូវឲ្យពួកគាត់មានការថ្នាំងថ្នាក់អ្វីនោះឡើយ ហើយត្រូវបន្តក្រើនរំលឹកដល់ពួកគាត់ ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ចំពោះជំងឺនេះ៕