(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤:៥៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F19&F21) មូលហេតុបណ្តាលមកពីមានរថយន្តដឹកដីបើកទាក់ខ្សែបណ្តាញតង់ស្យុងទាប(LV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៣ដើមដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិព្រៃព្រីងខាងជើង ភូមិចោមចៅ សង្កាត់ចោមចៅ (២)ភូមិក្បាលដំរី ភូមិព្រៃសាលា ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៣) ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៦៖០០នាទីព្រឹក។ លើកលែងតែបន្ទប់ភ្លើងលេខ P1965 ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងប្តូរបង្គោលថ្មី ដើម្បីអាចភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៦៖៣០នាទីរសៀល។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕