(រតនគិរី)៖ លោក ថង សាវុន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះទៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដើម្បីជួបប្រជុំពិភាក្សា ជាមួយសមត្ថកិច្ចជំនាញដាក់ចេញនូវវិធានការត្រួតពិនិត្យមើលកងកម្លាំងដែលកំពុងឈរជើងតាមព្រំដែនរវាងខេត្តរតនគិរី និងខេត្តយ៉ាឡាយ ខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិនិត្យមើលកន្លែងធ្វើចក្តាឡីស័កទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនេះ លោក ថង សាវុន ក្នុងនាមប្រធានគណៈកម្មាធិការទប់ស្កាត់ជំងឺកូវីដ-១៩ខេត្ត បានធ្វើការណែនាំដល់មន្រ្តីនគរបាល និងទាហានការពារព្រំដែនទាំងអស់ ត្រូវអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវបទបញ្ជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅ តាមព្រំដែនជាពិសេសរវាងព្រំដែនកម្ពុជា-វៀតណាម។
លោកអភិបាលខេត្តរតនគិរី បានបន្តថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិន វៀតណាមនេះ អាចនឹងមានភ្ញៀវទេសចរ ឬប្រជាពលរដ្ឋទាំងសងខាងឆ្លងកាត់បន្ទាត់ព្រំដែន ដែលបញ្ហានេះកម្លាំងឈរជើងនៅច្រកទ្ធារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ក៏ដូចជាតាមច្រករបៀងនានា ជាពិសេសខាងវរៈការពារព្រំដែនទាំងនគរបាល និងយោធា រួមទាំងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋទាំងខ្មែរ និងវៀតណាមដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បើសិនខាងមន្រ្តីជំនាញមន្ទីរសុខាភិបាលខេត្ត ពិនិត្យឃើញមានភ្ញៀវទេសចរណាម្នាក់ មានអាការៈខុសប្រក្រតីត្រូវបញ្ជូនគាត់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ដែលខេត្តបានរៀបចំនៅច្រកទ្វារនេះ ឲ្យបាន១៤ថ្ងៃនៅនឹងកន្លែងជាដាច់ខាតដោយមិនមានការលើកលែងឡើយ។
បន្ថែមលើនេះ អភិបាលខេត្តក៏បានឲ្យកងកម្លាំងទាំងនគរបាល និងយោធា ត្រូវថែទាំសុខភាពខ្លួនឯងឲ្យបានល្អត្រូវប្រកាន់ខ្ជាប់នូវគោលការអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវសហការជាមួយកងកម្លាំងភាគីវៀតណាម និងអាជ្ញាធរមូលដ្ឋានធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានរៀងៗខ្លួន កុំឲ្យឆ្លងចូលទៅវិញទៅមកក្នុងកាលៈទេសៈនេះ។
ដោយឡែក ចំពោះបុគ្គលិកក្រុមហ៊ុនវៀតណាម ដែលបានទៅលេងស្រុក ក្នុងពិធីបុណ្យចូលឆ្នាំរបស់ខ្លួនជាង៦០០នាក់ ពេលត្រឡប់មកវិញ គឺត្រូវដាក់ឲ្យនៅធ្វើចត្តាឡីស័កជាដំណាក់នៅច្រកទ្វារដែលខេត្ត បានរៀបចំមាន១០៤បន្ទប់ ដោយមិនអនុញ្ញាតឲ្យចូលមកក្រុមហ៊ុនវិញដោយមិនបានធ្វើចត្តាឡីស័កនោះឡើយ។
ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្តល់ជូនកងកម្លាំងនូវសម្ភារមួយចំនួនរួមមាន ស្រោមដៃ ម៉ាស់ អាកុល និងថវិកាមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលឈរជើងការពារតាមចំណុចគោលដៅរៀងៗខ្លួនផងដែរ៕