(ភ្នំពេញ)៖ អនុវត្តតាមប្រកាសអន្តរក្រសួង ស្តីពីការអនុវត្តន៍អនុក្រឹត្យ ស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានចុះអង្កេតឃ្លាំពិនិត្យការលក់ផលិតផល ម្សៅទឹកដោះគោ នៅតាមហាងលក់ទំនិញ និងភេសជ្ជៈក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ប៊ុន សុខុមា អនុប្រធានសាខាបានឲ្យដឹងថា ចុះអង្កេតតាមដាន ឃ្លាំពិនិត្យទៅលើស្លាកសញ្ញា នូវភាពសមស្របនឹងការតម្រូវកំណត់ ក្នុងអនុក្រឹត្យ១៣៣ នូវផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត (Infant Formula) ទឹកដោះគោម្សៅផ្សំតាមរូបមន្តពិសេស ( Specialized Formula ) ទឹកដោះគោម្សៅផ្សំតាមរូបមន្តសំរាប់បំប៉ន (Follow on Formula) ផលិតផលអាហារបន្ថែម (Complementary Food) ផលិតផលគ្រឿងសម្រាប់ទារកជញ្ជក់លេង (Pacifier) ដបបំបៅក្បាលដោះជ័រ ( Feeding-bottles, rubber and plastic teats ) និងចំពោះការឃោសនាពាណិជ្ជកម្ម ផលិតផលចិញ្ចឹមទារក និងកុមារ ។
លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល មន្រ្តីជំនាញរបស់លោកបានចុះ អង្កេតនិងតាមដាន ឃ្លាំពិនិត្យទីផ្សារពីការដាក់លក់ ផលិតផលលិតផលម្សៅទឹកដោះគោ បន្ថែមទៅលើសកម្មភាពប្រចាំខែ ដើម្បីទប់ស្កាត់ ការផ្សេព្វផ្សាយលក់ផលិតផល សំរាប់ចិញ្ចឹមទារក និងកុមារ ដែលមិនសមស្រប នាំឲ្យបំភ័នការយល់ដឹង ចំពោះការអនុវត្តការបំបៅកូន ដោយទឹកដោះម្តាយ ពីអាយុ០-៦ខែ។
ការផ្សព្វផ្សាយលក់ផលិតផល មិនសមស្របនោះ រួមមានជាអាទិ៍៖ ស្លាកសញ្ញាផលិតផល ការផ្សព្វផ្សាយពាណិជ្ជកម្ម និងសកម្មភាពឃោសនាបង្ហាញផលិតផល ឬជំរុញលក់ផលិតផល ដែលធ្វើអោយប៉ះពាល់ដល់ ការអនុវត្តគោលនយោបាយ ជំរុញបំបៅទារក និងកុមារ ដោយទឹកដោះម្តាយរបស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីមានវិធានការ សមស្របចំពោះក្រុមហ៊ុន អ្នកចែកចាយ នូវផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលអនុវត្តផ្ទុយនឹងអនុក្រឹត្យលេខ១៣៣ អនក្របក៕