(ភ្នំពេញ)៖ សពលោកវរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការអាវុធហត្ថខណ្ឌជ្រោយចង្វារ ត្រូវបានបូជាតាមគន្លងព្រះពុទ្ធសាសនានៅព្រឹកថ្ងៃទី១៣ នៃកុម្ភៈ ឆ្នាំ២០២១នេះ នៅគេហដ្ឋានស្ថិតក្នុងក្រុមទី៥ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយទទួលមរណភាព កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារជំងឺគាំងបេះដូង។
ពិធីបូជាសពនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ តេង ឈួន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ត្រូវជាឪពុកមា, លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌជ្រោយចង្វារ។
គួរជម្រាបថា លោកវរសេនីយ៍ឯក សេង ឈៀង ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលមានការទទួលខុសត្រូវលើការបំពេញភារកិច្ចការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានទំនាក់ទំនងល្អប្រសើរជាមួយអាជ្ញាធរ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ។ ក្នុងនាមជាមេបញ្ជាការ លោក សេង ឈៀង បានដឹកនាំអង្គភាពអាវុធហត្ថខណ្ឌចូលរួមរួមយ៉ាងសកម្មក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋមូលដ្ឋាន។
ផ្ដើមចេញពីជីវិតកុមារដែលរស់ក្នុងបន្ទុកឪពុកម្ដាយក្រីក្រ ប្រឹងត្រដងរៀនតាំងពីបឋមសិក្សានៅក្នុងខេត្ត រហូតបញ្ចប់ការសិក្សានៅភ្នំពេញ លោកបានចូលបម្រើក្នុងកងរាជអាវុធហត្ថ និងបានឆ្លងកាត់ការងារ ជាសមាជិក វរថ្មើជើង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាតម្រួតយោធា ជាគ្រូភាសាអង់គ្លេស ជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ និងចុងក្រោយជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថជ្រោយចង្វារ រហូតដល់ថ្ងៃទទួលមរណភាព ជាថ្ងៃចុងបញ្ចប់នៃជីវិតរបស់លោក៕