(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគប្រមាណ៧០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ONION MOBILITY CO., LTD គម្រោងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៣៨០កន្លែង។
២៖ SHANE (CAMBODIA) FURNITURE CO., LTD គម្រោងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៤៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៨២០កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ និងក្រណាត់ទ្រនាប់សម្លៀកបំពាក់ របស់ក្រុមហ៊ុន XIN JELLY INDUSTRY AND TRADING CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះ។
ក្រុមហ៊ុន XIN JELLY INDUSTRY AND TRADING CO., LTD មានទីតាំងវិនិយោគស្ថិត នៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង៕