(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ០៣នាក់ព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជាសះស្បើយទាំង៣នាក់រួមមាន៖
១៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
២៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
៣៖ បុរសជនជាតិនីហ្សេរីយ៉ា អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៦នាក់ និងអ្នកជំងឺ១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕