(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា រយៈពេល៣ថ្ងៃ នៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីថ្ងៃទី១០ ដល់ ១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអ្នកចាក់វ៉ាក់សាំងសរុបចំនួន១៤៩២នាក់បានចាក់រួចរាល់។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅថ្ងៃទី១០ ដល់ ១២ ខែកុម្ភ: ឆ្នាំ២០២១ សរុបចំនួន១៩៤៧នាក់ (ស្រី៧៤១នាក់)។ អ្នកបានចាក់វ៉ាក់សាំងរួច១៤៩២នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៤៥៥នាក់ (ស្រី២៤៨នាក់)។
ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖
១៖ មន្ទីរពេទ្យកាល់ម៉ែត
២៖ មន្ទីរពេទ្យព្រះអង្គឌួង
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
៤៖ មន្ទីរពេទ្យកុមារជាតិ
៥៖ មន្ទីរពេទ្យកេតុមាលា
* សូមបញ្ជាក់ចំនួនអ្នកបានចាក់វ៉ាក់សាំង Covid-19 លើខាងលើនេះ មិនបូកបញ្ចូលខាងកងទ័ពនោះទេ សរុបតែជនស៊ីវិលតែប៉ុណ្ណោះ៕