(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានព្រះសង្ឃ ៣អង្គ បានពុលឱសថបុរាណ បន្តបន្ទាប់គ្នា ក្រោយឆាន់ឱសថបុរាណនោះ ពីព្រះសង្ឃមួយអង្គ គង់នៅវត្តពោធិ៍វិន័យស្រះខាងកើត ដែលនិមន្តមកបុណ្យផ្កា នៅវត្តបាក់ចិញ្ចៀន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចវត្តបាក់ចិញ្ចៀន ស្ថិតក្នុងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីគណៈកម្មការអាចារ្យវត្តបាក់ចិញ្ចៀន បានឱ្យដឹងនាល្ងាចនេះថា នៅព្រឹកមុនពេលកើតហេតុ មានព្រះសង្ឃមួយអង្គ ព្រះនាម សាន់ សារិទ្ធ ព្រះជន្ម ៦០ឆ្នាំ គង់នៅវត្ត ពោធិ៍វិន័យស្រះខាងកើត ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននិមន្តមកបុណ្យផ្កានៅវត្តបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដោយឃើញលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀន ព្រះនាម អៀម ឃន ព្រះជន្ម ៧៨ឆ្នាំ រូបរាងស្គមស្គាំង ព្រះអង្គ សាន់ សារិទ្ធ ក៏បានឱ្យឱសថបុរាណ ទៅលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀននោះឆាន់។
សេចក្តីរាយការណ៍បន្តថា ក្រោយឆាន់រួច ក៏មានព្រះសង្ឃ ០២អង្គទៀត ទី១.ព្រះនាម កេត សារឿន ព្រះជន្ម ៧៥ឆ្នាំ ទី២. ព្រះនាម ប៊ូ ទុំ ព្រះជន្ម ៤៧ឆ្នាំ ក៏បានឆាន់ឱសថបុរាណនោះបន្តបន្ទាប់ដែរ។ ក្រោយពីឆាន់ឱសថបុរាណនេះហើយ ក៏មានអាការៈមិនស្រួលខ្លួន រួចបានបញ្ជូនព្រះសង្ឃ ទាំង០៣អង្គ ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែម្តង។
ចំណែកព្រះសង្ឃព្រះនាម សាន់ សារិទ្ធ សមត្ថកិច្ចយើងឱ្យគង់នៅវត្តបាក់ចិញ្ចៀនសិន រង់ចាំធ្វើការពិសោធន៍ឱសថបុរាណនោះរួច៕