(កណ្ដាល)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល តារាងបាល់ទាត់ ហ៊ូតសាល ស្មៅសប្បនិម្មិត ជាអំណោយរបស់ក្រុមហ៊ុន តៃខា (ខេមបូឌា) ខបភើរេសិន ជូនដល់វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ដែលមានទីតាំងស្ថិត នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ពិធីនេះ ក៏មានការចូលរួម ពីលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល គណៈអភិបាលស្រុកអង្គស្នួល មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថ្នាក់ដឹកនាំក្រុមហ៊ុន ម្ចាស់អំណោយជាច្រើនរូប។
ឯកអគ្គរដ្ឋទូត បានរំលេចថា «កីឡាករកម្ពុជា ជាច្រើនរូប បានឈ្នះមេដាយនៅក្នុងការប្រកួតកីឡា ប្រជាជាតិអាស៊ីអាគ្នេយ៍ (SEA Games) ដែលបានធ្វើឡើង នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ហើយគេរំពឹងថា កីឡាករកម្ពុជា នឹងដើរតួនាទីយ៉ាងសកម្ម ក្នុងការប្រកួតកីឡា SEA Games ដែលនឹងធ្វើឡើងនៅកម្ពុជា ឆ្នាំ២០២៣»។
លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន តៃខា (ខេមបូឌា) ខបភើរេសិន ដែលមិនត្រឹមតែ បានបង្កើតការងារ ជូនក្មួយៗកម្មករ កម្មការនី ស្រុកអង្គស្នួល តាមរយៈការបណ្តាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្ម លើការទទួលខុសត្រូវសង្គម «CSR» ដែលការរៀបចំ ពិធីប្រគល់-ទទួល តារាងបាល់ទាត់នាពេលនេះ ជាឧទាហរណ៍ស្រាប់។
លោក សុខ ចិន្តាសោភា បានបន្ថែមទៀតថា សកម្មភាពនេះ បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ទៅនឹងមហិច្ឆតារបស់លោក ក្នុងនាមជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គស្នួល គឺចង់ឲ្យក្មួយៗ នៅទូទាំងស្រុកអង្គស្នួលមានអ្វីៗ មិនចាញ់យុវជននៅភ្នំពេញ ជាពិសេសក្នុងវិស័យអប់រំ និងកីឡា ព្រោះ វិស័យនេះ សំខាន់ណាស់ សម្រាប់អនាគតប្រទេសជាតិ។
លោក សុខ ចិន្តាសោភា តែងតែយកចិត្តទុកដាក់លើអនាគតយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ តាមរយៈការផ្ដល់ការគាំទ្រ និងការឧបត្ថម្ភផ្សេងៗ លើសកម្មភាពជាច្រើនដូចជា៖
១៖ ការផ្ដល់អាហារូបករណ៍ ដល់សិស្សានុសិស្សឆ្នើម សម្រាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា
២៖ ការឧបត្ថម្ភសម្ភារបរិក្ខារ សៀវភៅសិក្សា និងកុំព្យូទ័រ
៣៖ ការរៀបចំកម្មវិធីតម្រង់ទិស ក្នុងការជ្រើសរើសជំនាញ
៤៖ ការផ្ដល់វគ្គបណ្ដុះបណ្ដាលឥតគិតថ្លៃ លើជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងថតរូប
៥៖ ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់វិស័យកីឡា នៅក្នុងស្រុកអង្គស្នួលលើគ្រប់វិញ្ញាសាជាដើម។
លោក សុខ ចិន្តាសោភា បានឲ្យដឹងថា ជាលទ្ធផលអត្រាប្រឡងជាប់ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ របស់សិស្សានុសិស្ស ស្រុកអង្គស្នួល នាពេលកន្លងមក មានការកើនឡើង ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ពី៣៣% ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ រហូតដល់ ៨១.២% សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩។
លោកបន្ដថា ក្នុងវិស័យកីឡាទៀតសោត កីឡាករស្រុកអង្គស្នួល ទទួលបានចំណាត់ថ្នាក់ល្អ និងដណ្តើមបាន មេដាយជាបន្តបន្ទាប់ ក្នុងការក្រកួតថ្នាក់ខេត្ត។
សូមបញ្ជាក់ថា ក្រុមហ៊ុន តៃខា (ខេមបូឌា) ខបភើរេសិន គឺជាក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគ ក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមហ៊ុននេះ ធ្វើការផលិតជ័របាតស្បែកជើង ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ហើយបច្ចុប្បន្នក្រុមហ៊ុន បានបង្កើតការងារចំនួនប្រមាណ២៥០កន្លែង ជូនដល់កម្មករ-កម្មការនី កម្ពុជា៕