(កំពង់ធំ)៖ លោក ខាន់ ខុន សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកំពង់ធំ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា សហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៉ីស្ទេត នាំយកអំណោយគ្រឿងឧបភោគបរិភោគទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះជនចាស់ជរា និងជនពិការសរុបចំនួន ២១០គ្រួសារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីតាំងបីផ្សេងៗគ្នា ដោយមានការចូលរួមពីលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើន។
លោក ខាន់ ខុន បានលើកឡើងថា សម្តេចតេជោ ហ៊ុនសែន ជាប្រមុខបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវីតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះដោយបានចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។
លោកបន្តថាអាចនិយាយបានថា ទីណាមានការលំបាកទីនោះមានរាជរដ្ឋាភិបាលមានសម្តេចតេជោនាយករដ្ឋមន្រ្តី និងមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេសនៅតាមជួយប្រជាពលរដ្ឋជានិច្ច សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ។
លោក ខាន់ ខុន បានជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់ខ្ជូននូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេសវីរុសថ្មីកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិត ប្រសិនបើមានបញ្ហាសុខភាព។
លោកបានលើកឡើងទៀតថា «ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួម និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង»។
ជាមួយគ្នានេះដែរ លោក ម៉ាក់ ប៊ុនហុង បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រើប្រាស់ទឹកដោយមានការសន្សំសំចៃខ្ពស់និងចេះសម្របសម្រួលការបែងចែកប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត។ លោក ម៉ាក់ ប៊ុនហុង បានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងក្រុមហ៊ុន ប៊ីម៉ារៀលអ៉ីស្ទេត ដែលបាននាំយកអំណោយមកចែកជូនក្នុងគ្រាដែលជួបការលំបាកនេះ។
សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារទទួលបានដូចជា អង្ករ មី ទឹកត្រី មាន សង្កាត់ដំរីជាន់ខ្លាចំនួន ៧០គ្រួសារ និងសង្កាត់អូរកន្ធរ ១៤០ គ្រួសារ៕