(ភ្នំពេញ)៖ ក្រោយពីទទួលបានលទ្ធផលល្អ តាមរយៈការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តតល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលនូវការអប់រំច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ទៅក្នុងកម្មវិធីសិក្សានៅថ្នាក់មត្តេយ្យ នៅក្នុងម៉ោងសិក្សា នៅតាមសាលានានា ដើម្បីបណ្តុះគំនិតកុមារតូចៗ ឱ្យយល់ដឹងពីច្បាប់ និងស្លាកសញ្ញាចរាចរណ៍ ខណៈបច្ចុប្បន្ន មានការអប់រំពីថ្នាក់បឋមសិក្សាឡើងទៅ។
ពាក់ព័ន្ធចំណុចនេះដែរ សម្តេចក្រឡាហោម ស ខេង បានបន្ថែមក្រៅបញ្ចូលសញ្ញចរាចរណ៍ក្នុងម៉ោងសិក្សា ក្រសួង ស្ថាប័នពាក់ទាំងអស់ លោកគ្រូ អ្នកគ្រូ ត្រូវបង្រៀនដល់កូនសិស្សពីរបៀប របៀបឆ្លងផ្លូវ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ចេះដឹងពីច្បាប់ចរាចរណ៍តាំងពីតូចជាដើម។
នៅក្នុងឱកាសចុះត្រួតពិនិត្យទីតាំងនាវចម្បាំងលិច ក្នុងកំលុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សម្តេចក្រឡាហោម ស ខេង លើកឡើងយ៉ាងដូច្នេះថា៖ «ឥឡូវយើងមានសាលាមត្តេយ្យច្រើននៅតាមទីជនបទរបស់យើង អីចឹងសូមឱ្យផលិត ឬរកសញ្ញាចរាចរណ៍សាមញ្ញៗមកឱ្យកូនចៅយើងរៀន កូនចៅយើងចូលរៀនមត្តេយ្យអាយុ៣ឆ្នាំ បង្រៀនច្បាប់ចរាចរណ៍វាតាំងពីតូចហ្នឹង...! បង្រៀនដើរកាត់ផ្លូវ មិនត្រូវតែបង្រៀនសញ្ញានោះទេ»។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅឆ្នាំ២០២០កន្លងទៅ តាមរយៈការកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ អ្នករបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ កើតឡើងចំនួន៣,១៧៩ករណី ធៀបនឹងឆ្នាំ២០១៩កើតឡើង ចំនួន៤,១២១ករណី ថយចុះចំនួន៩៤២ករណី។ ដោយឡែក អ្នកស្លាប់ដោយសារគ្រោះថ្នាក់ នៅឆ្នាំ២០២០ ចំនួន១,៦៤៦នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន១,៩៨១នាក់ ថយចុះចំនួន៣៣៥នាក់។
មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយាន៣ភាគរយ និងងងុយ១ភាគរយ៕