(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា ទទួលបានភាពជោគជ័យ ក្នុងការបង្ក្រាបបទល្មើសចាប់ជំរិតទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះ។
ការអះអាងពីភាពជោគជ័យ លើការបង្ក្រាបបទល្មើសនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងនាវចម្បាំងលិច ក្នុងកំលុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សម្តេចក្រឡាហោម ស ខេង បានអះអាងយ៉ាងដូច្នេះថា៖ «ឥឡូវមកដល់ពេលនេះ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងពាក់ព័ន្ធ និងកម្លាំងកងរាជអាវុធហត្ថជាដើម យើងលុបបំបាត់ទាំងស្រុង នូវបទល្មើសចាប់ជំរិត ដែល៤ ឬ១០ឆ្នាំមុន ក្នុង១ថ្ងៃ មានមួយករណី ឬ១អាទិត្យមាន២ករណី ចាប់ជំរិត ហើយសាហាវណាស់»។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា សម្រាប់បទល្មើសចាប់ជំរិតនេះទៀតសោធ គឺមានសកម្មភាពសាហាវឃោឃៅណាស់ ដោយក្រុមឧក្រិដ្ឋជនទាំងនោះ ពេលខ្លះធ្វើទារុណកម្មជនរងគ្រោះ ហើយមានករណីខ្លះជំរិតទារប្រាក់មិន គឺឈានទៅសម្លាប់ចោលតែម្តង។
សម្តេចក្រឡាហោម បានបន្តថា តាមរយៈខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញរបស់កម្ពុជា គ្រប់ផ្នែកពាក់ព័ន្ធ រហូតលុបបំបាត់ប ទល្មើសនេះទាំងស្រុង។ កត្តាទាំងនេះ គឺបានមកដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ។
ជាមួយនឹងភាពជោគជ័យ លើការបង្ក្រាបបទល្មើសចាប់ជំរិតទារប្រាក់នោះ សម្តេចក្រឡាហោម ស ខេង ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះបទល្មើសគ្រឿងញៀន ដែលបន្តកើនឡើងជាលំដាប់ ខណៈសមត្ថកិច្ចជំនាញបង្ក្រាបបានកាន់តែច្រើន ហើយបញ្ហាគ្រឿងញៀន វាបានគំរាមកំហែងយ៉ាងខ្លាំងមកលើប្រជាពលរដ្ឋ យុវជន ដែលរហូតមកពេលនេះគ្រឿងញៀន បានហូរចេញពីទីប្រជុំជន មកកាន់តំបន់ជនបទមួយចំនួន៕