(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញផ្សាយវីដេអូថ្មីមួយដែលទើបផលិតរួចរាល់មានចំណងជើងថា «វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា»។
វីដេអូមានរយៈពេលប្រមាណជិត១៦នាទី បានរំលេចជូនសាធារណៈជនឱ្យបានឃើញនូវជោគជ័យដ៏ធំធេងថ្មី ដែលទទួលបានក្រោមការដឹកនាំចាត់ចែងដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពខ្ពស់នូវជំងឺរាតត្បាតកូវីដ-១៩ផង និងការធានាបាននូវដំណើរការអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនថែមទៀតផង។
វីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានបណ្តាប្រទេសយ៉ាងតិចចំនួន១៦ហើយនៅជុំវិញពិភពលោក ដែលបានសម្រេចអនុញ្ញាតជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទ គឺ Sinopharm និង Sinovax។ បណ្តាប្រទេសជាច្រើនទៀត រាប់ទាំងប្រទេសអភិវឌ្ឍជឿនលឿនមួយចំនួនផងដែរក៏កំពុងពិចារណាប្រើប្រាស់វ៉ាក់សាំងរបស់ចិនដែរ។ ប្រមុខដឹកនាំកម្ពុជាក៏បានប្រកាសឲ្យដឹងពីផែនការនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីស្វែងរកវ៉ាកសាំងពីប្រភពផ្សេងៗទៀតដូចជាពីប្រទេសឥណ្ឌា រុស្ស៉ី ជាដើម ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរថែមទៀត។
ប្រជាពលរដ្ឋខ្មែរដែលធុញទ្រាន់នឹងជំងឺកូវីដ-១៩ បានសម្តែងនូវការអបអរសាទរចំពោះវត្តមានវ៉ាក់សាំងនៅលើទឹកដីកម្ពុជា ហើយពួកគេពិតជាប្រាថ្នាចង់ចាក់វ៉ាក់សាំងឲ្យបានឆាប់ដើម្បីការពារខ្លួន និងក្រុមគ្រួសារកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ។ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺប្រៀបដូចជាមានអាវក្រោះការពារខ្លួនដ៏មានប្រសិទ្ធភាព ដែលអាចកម្ចាត់រោគរាតត្បាតដ៏សាហាវនេះមិនឲ្យយាយីជីវិតពួកគេបានឡើយ។ មានជីវិតមានក្តីសង្ឃឹម មានការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចជាតិ និងគ្រួសារ៕
សូមទស្សនាវីដេអូ ដូចតទៅ៖