(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ព្រោះអតីតយុទ្ធជនគឺជាអ្នកដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីចូលរួមធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញដូចសព្វថ្ងៃ។
ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកចុះប្រគល់ផ្ទះខ្នងផ្ទះទី១៨៤ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំពតផត។
អតីតយុទ្ធជនដែលទទួលបានផ្ទះខាងលើនេះមានឈ្មោះ អៀម រុន អាយុ៥០ឆ្នាំ អតីតនៅអង្គភាពកងពលលេខ២២ ខេត្តប៉ៃលិន ហើយបានជាន់គ្រាប់មីននៅក្នុងសមរភូមិ បណ្ដាលឱ្យរបួសពិការជើងនៅឆ្នាំ១៩៩៣។ ផ្ទះថ្មីនេះមានទំហំ ៤ គុណ ៦ ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុងឆ្អឹងដែកដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ជណ្តើរកាច់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា លោក អៀម រុន មានភរិយាឈ្មោះ ឈិន គីម អាយុ៤៩ឆ្នាំ មានកូនចំនួន៥នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅភូមិផ្តៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយប្រកបមុខរបរធ្វើស្រែចម្ការបន្តិចបន្តួច គ្រាន់បានប្រាក់ចិញ្ចឹមជីវិតគូបផ្សំជាមួយប្រាក់បៀវត្សប្រចាំខែដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។
ក្នុងឱកាសប្រគល់ផ្ទះថ្មីនេះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធជនគឺជាអ្នកដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រួមចំណែកក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញដូចសព្វថ្ងៃនេះ។
លោកថែមទាំងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នការពារខ្លួនឲ្យចៀសផុតពីមេរោគកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុន្នី មកឧបត្ថម្ភជូនគាត់បន្ថែមទៀតនៅពេលនេះ មានអង្ករចំនួន ៥០គីឡូក្រាម មីយើងចំនួន ២កេស ទឹកត្រី-ទឹកស៊ីអ៉ីវចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ។
អាជ្ញាធរដែនដី និងក្រុមគ្រួសាររបស់អតីតតយុទ្ធជនបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបានគោរពជូនពរសម្ដេចប្រកបដោយសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍ៕