(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់មន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ លើបញ្ហាអគ្គីភ័យ,, ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរ, ការងារចុះល្បាតតាមមូលដ្ឋាន, បញ្ហារក្សាអនាម័យ និងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន។
ការណែនាំ ក៏ដូចជាការក្រើនរំលឹកចំពោះមន្ត្រី ពីសំណាក់លោកអភិបាលខណ្ឌឫស្សីកែវ បានធ្វើឡើងនៅពេលលោកអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើនរូប ដោយបានឧបត្ថម្ភថវិកាលើកទឹកចិត្ត ផងដែរ ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ជា ពិសី បានលើកឡើងថា បញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិននេះ រួមមាន៖
*បញ្ហាអគ្គីភ័យ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។
*ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរ។
*ការងារចុះល្បាតតាមមូលដ្ឋាន។
*បញ្ហាអនាម័យ និងការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩។
*បញ្ហាផ្សេងៗមួយចំនួនទៀត ដែលត្រូវយកទៅអនុវត្តក្នុងមូលដ្ឋាន៕