(កំពង់ចាម)៖ ដោយមានការគិតគូរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីសុវត្ថិភាពប្រជាពលរដ្ឋ និងផលប៉ះពាល់បរិស្ថាននៅក្នុងទន្លេ សម្តេចតេជោ បានយល់ព្រមឱ្យបន្តការងារសិក្សា ស្រាវជ្រាវ និងរុករកនាវាចម្បាំងលិចក្នុងទន្លេ និងការស្តារស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ន ិងសម្ភារសឹកចំនួន ៤ទីតាំង និងមានចំណុះប្រមាណ ២៨០០តោនបន្ថែមទៀត។ នេះជាបញ្ជាក់របស់នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ។
នាវាម៉ារីន លិចនៅក្នុងទន្លេមេគង្គ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន អាចមានទំហំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ៤០ ទៅ៥០តោន ខណៈបេសកកម្មរុករករយៈពេលជាង ៤ខែមកនេះ ត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកបានប្រមាណ ១០តោន។
ក្រៅពីគ្រាប់យុទ្ធភណ្ឌ ក្រមការងាជំនាញស្រង់បានគ្រោងឆ្អឹងមនុស្ស ស្លាកឈ្មោះ និងសម្ភារសិក្សាមួយចំនួន តាមគឺត្រូវបានអ្នកជំនាញសិក្សាថា សល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រវាងកងទ័ពសេនាប្រមុខលន់នល់ ជាមួយនឹងកងទ័ពរំដោះកម្ពុជាប្រជាធិបតេយ្យ។
ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ អញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីដែលនាវាមួយគ្រឿងលិច នៅក្នុងទន្លេកាលពីសម័យសង្គ្រាម ដោយមានផ្ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បើតាមនាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ទីតាំងសម្តេចតេជោ ហ៊ុន សែន បានអញ្ញាតឱ្យក្រុមការងារបន្តសិក្សាស្រាវជ្រាវរកគ្រាប់យុទ្ធភណ្ឌដែលលិចជាមួយនាវាចម្បាំង កាលពីកំលុងសម័យសង្គ្រាមស៊ីវិល រួមមានទី៖
ទីតាំងទី១៖ ស្ថិតនោភូមិរកាកោងមួយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្រភេទទូកលបុកចាយដឹកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់ទាហាន លន់ ណុល ដែលបានលិចនៅកំលុងឆ្នាំ១៩៧២។
ទីតាំងទី២៖ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន (អ្នកស្រុកហៅថា ប្លង់តុង)។
ទីតាំងទី៣៖ ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ផ្ទុកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់កងទ័ព លន់ ណុល ចំណុះប្រមាន១០០០តោន។
និងទីតាំងទី៤៖ ស្ថិតនៅភូមិពាមរាំង ឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទនាវាចម្បាំងចំណុះប្រមាណ១០០០តោន ត្រូវបានបាញ់ឆេះ និងផ្ទុះលិច ក្នុងកំលុងសង្គ្រាមឆ្នាំ១៩៧២ ដល់១៩៧៣។
បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បាន ឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រតិបត្តិការរុករកទទួលបានរួមមាន៖ រកឃើញគ្រាប់មិនទាន់ផ្ទុះទំហំ៦០-១០៥មីលីម៉ែត្រ ចំនួន៧៧២គ្រាប់, គ្រាប់ប្រភេទតូច (ប្រភេទកាំភ្លើងដៃ និងកាំភ្លើងយន្ត) ចំនួន ៥៤,៩២៥គ្រាប់។ សរុបចំនួន ៥៥,៦៩៧គ្រាប់ ដែលត្រូវបានរុករកឃើញនៅក្នុងឃ្លុបទី១ និងនៅ ៣ឃ្លុបទៀត ដែលត្រូវយកនឹងចេញជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្រោយពីផ្សព្វផ្សាយពីការយល់ដឹងចំពោះគ្រោះថ្នាក់នៃគ្រាប់យុទ្ធភណ្ឌមិនផ្ទុះ ប្រជាពលរដ្ឋបានយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទំហំ ២៣-១០៧មីលីម៉ែត្រ ចំនួន១៥៣គ្រាប់ មកប្រគល់ជូនកម្លាំងបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីធ្វើការកំទេចចោល។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (NPMEC) បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះថា កម្លាំងជំនាញប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ១០តោន ខណៈកម្លាំងជំនាញកំពុងបើកប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ។
ពាក់ព័ន្ធនឹងនាវាផ្ទុកសម្ភារសឹកនេះដែរ សម្តេចក្រឡាហោម ស ខេង បានកោតសសើរ និងលើកទឹកចិត្តដល់ក្រុមការងារជំនាញបន្តកិច្ចខិតខំប្រឹងលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកនេះ ឱ្យកាន់តែឆាប់រហ័សទៅតាមផែនការដែលបានកំណត់ ប៉ុន្តែ ត្រូវតែគិតទៅលើសុវត្ថិភាពជាចម្បង។
ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា៕