(កណ្ដាល)៖ កូនខ្មែរអ្នកកាត់ខ្សែស្រឡាយចិនបាននាំគ្នាយ៉ាងច្រើនកុះករសម្រុកចូលមកវិហារអ្នកតាចិន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់តាំងពីយប់ថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីមកអុជធូប និងសែនព្រេងនូវដើមអំពៅ និងផ្លែទទឹម ព្រមទាំងការរៀបចំធ្វើពិធីអបិយជំនឿផ្សេងៗ ដោយពួកគាត់ជឿជាក់ និងសុំសេចក្តីសុខ ហេងលាភ មានជ័យ កាត់គ្រោះចង្រៃផ្សេងៗ។
ជាក់ស្ដែង នៅពាក់កណ្ដាលរាត្រីវេលាម៉ោង ១២ យប់ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក តារា និងអ្នកស្រី នីតា ពលរដ្ឋក្រុងតាខ្មៅដែលបានមកសែនព្រេននេះ បានលើកឡើងថា តាមពិតនេះគឺជាអបិយជំនឿតៗគ្នាមកនៅក្នុងការអុជធូបសែនអ្នកតាចិននៅទីនេះ ដើម្បីស្វែងរកសេចក្តីសុខ និងកាត់គ្រោះលាភចង្រៃ។
ពួកគាត់បន្តទៀតថា នេះគឺជាការដែលមានជំនឿតៗគ្នាតាំងពីដូនតាមកហើយ ហើយនៅយប់នេះគឺមានភាពឱឡារិកណាស់ ដោយសារតែប្រជាពលរដ្ឋខ្មែរដែលមានសែស្រឡាយកាត់ចិន បាននាំគ្នាមកយ៉ាងច្រើនកុះករមកសែនព្រេនមួយយប់ទល់ភ្លឺតែម្ដង ដើម្បីអុជធូបសែនព្រេនសែនដើមអំពៅខ្មៅ ដើម្បីសុំសេចក្តីសុខពីអ្នកតាចិន។
បើតាមចាស់ៗនៅទីនេះ សុំមិនបញ្ចេញឈ្មោះបានប្រាប់ Fresh News ពីអបិយជំនឿនេះថា ការដែលយកដើមអំពៅ និងផ្លែទទឹមនេះ គឺដើម្បីមកកាត់គ្រោះចង្រៃចេញ យកហេងលាភ មានជ័យ និងយកដើមអំពៅនោះទៅដាំនៅក្នុងផ្ទះ ហើយផ្លែទទឹមទៅដាក់នៅក្នុងផ្ទះដើម្បីសេចក្តីសុខ រកទទួលទានមានបាន តាមអបិយជំនឿរបស់អ្នកកាត់ខ្សែស្រឡាយចិន។
សូមជម្រាបថា នៅទីតាំងវិហារចិនក្រុងតាខ្មៅនេះតែងតែមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ ហើយមនុស្សមកសែនព្រេនមានច្រើនកុះករ ២៤ ម៉ោងលើ ២៤ ម៉ោងតែម្ដង ពិសេសគឺចង្អៀតនាពេលយប់៕