(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចំប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង កំពុងបន្តនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបន្តធ្វើការចាក់ជូននៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។
ចំពោះប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មាន QR Code ដែលទទួលបានបន្ទាប់ពីការចាក់វ៉ាក់សាំង នៅមិនទាន់អាចពិនិត្យព័ត៌មានតាមប្រព័ន្ធកម្មវិធី (Application) នៅឡើយ ដោយក្រុមការងារក្រសួងកំពុងដំណើរការអភិវឌ្ឍ និងកែសម្រួល។
ក្រសួងសុខាភិបាល នឹងជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះ៕