(កណ្ដាល)៖ ជនសង្ស័យចំនួន២នាក់ ដែលរឹតកសម្លាប់សន្តិសុខម្នាក់យាមផ្ទះសំណាក់នៅក្រុងតាខ្មៅ ដើម្បីប្លន់យកម៉ូតូ និងទូរស័ព្ទនោះ ត្រូវបានអាវុធហត្ថខេត្តកណ្ដាល សហការគ្នាជាមួយអាវុធហត្ថរាជធានីភ្នំពេញ តាមក្របួចចាប់បាននៅចំណុចស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនាទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយក្រុមជនដៃដល់ធ្វើសកម្មភាពកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ និងបានរត់គេចខ្លួនបាន១៤ថ្ងៃ។ ជនសង្ស័យម្នាក់ឈ្មោះ ថា ធុល អាយុ៤៣ឆ្នាំ រស់នៅស្រុកកៀនស្វាយ និងម្នាក់ទៀតមានឈ្មោះ ខឹម សំណាង អាយុ៤១ឆ្នាំ មុខរបររត់ផាស់អេប ស្នាក់នៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានឲ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន ដែលកើតហេតុកាលពីវេលាម៉ោង ៥៖៣០ នាទីទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ៣៦២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបង្កឡើងដោយជនសង្ស័យចំនួន ២នាក់។ សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី អាយុ១៥ឆ្នាំ មុខរបរបុក្គលិកផ្ទះសំណាក់ (ផ្ទះកើតហេតុ) ដែលមានទីលំនៅបន្ទប់ជួលភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យបានធ្វើសកម្មភាពយកកន្សែងពោះគោរិតក និងយកខ្នើយខ្ទប់មុខ រួចកាច់សោកង់ (ចាក់ម៉ូតូ) និងកាច់សោកម៉ូតូម្ចាស់ផ្ទះសំណាក់។
* ដំណើររឿងហេតុមានដូចតទៅ៖
នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជនសង្សយ័ទាំងពីរនាក់បានទៅជួលបន្ទប់ផ្ទះសំណាក់ខាងលើដេក ដោយជនរងគ្រោះជាអ្នករៀបចំបន្ទប់ លុះដល់ម៉ោង ៥៖៣០ នាទីទៀបភ្លឺ ម្ចាស់ផ្ទះសំណាក់ចេញទៅខាងក្រៅ ពុំឃើញម៉ូតូរបស់ខ្លួន និងមិនឃើញជនរងគ្រោះ ក៏ទៅឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យម្នាក់នៅបន្ទប់លេខ ៧ ជាអ្នកលួចម៉ូតូ។ ក្រោយមក ម្ចាស់ផ្ទះសំណាក់ទៅបើកទ្វារបន្ទប់លេខ ៧ ជាប់សោបើកមិនរួច ក៏យកសោចាក់ទ្វារបន្ទប់នោះ ក៏ឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែមានគ្របកន្សែងពោះគោ និងយកខ្នើយដាក់ពីលើមុខ។ ឃើញដូច្នេះក៏រាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធតែម្តង។
ក្រោយពីទទួលបានព័ត៌មានករណីខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល និងក្រុងតាខ្មៅ បានចុះទៅអន្តរាគមន៍ពិនិត្យកន្លែងកើតហេតុបើកការស៊ើបអង្កេត និងស្រាវជ្រាវតាមនីតិវិធី ដោយបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសទៅតាមបទពិសោធន៍ និងបច្ចេកទេសវិទ្យាសាស្រ្តស្រាវជ្រាវ ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ រហូតឈានដល់ការកំណត់មុខសញ្ញាក្រុមជនសង្ស័យបាន។
ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមានកិច្ចសហការរវាងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងនោះ កម្លាំងអាវុធហត្ថឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ដូចខាងក្រោម៖
* នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខេត្តនិងក្រុងតាខ្មៅ ស្រុកកៀនស្វាយ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថា ធុល រួចនាំមកអង្គភាពដើម្បីសាកសួរ និងដកហូតវត្ថុតាងទូរស័ព្ទ ១គ្រឿង ម៉ាក VIVO ពណ៌ខៀវរបស់ជនរងគ្រោះ (សព) និងសម្ភារ:ធ្វើសកម្មភាពមួយចំនួន។ បន្ទាប់មកថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តបានពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ខឹម សំណាង ស្នាក់នៅភូមិអណ្តូង ៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងដកហូតវត្ថុតាងមានម៉ូតូកង់បីឥណ្ឌា ១គ្រឿង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 1GR-2680 នៅចំណុចមុខស្ថានីយអយស្ម័យយាន (រ៉ារទេះភ្លើង) ស្ថិតក្នុងភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបន្តថា នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ជនសង្សយ័ឈ្មោះ ថា ធុល បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរស័ព្ទហៅឈ្មោះ ខឹម សំណាង ឲ្យយកម៉ូតូកង់បីឥណ្ឌាដឹកខ្លួនពីកៀនស្វាយទៅកំពង់ចាម លុះជិះមកដល់ក្រុងតាខ្មៅ ម៉ូតូកង់បីនោះបានខូច ខ្លួនក៏យកទៅផ្ញើនៅមន្ទីរពេទ្យជ័យជំនះ រួចក៏ហៅម៉ូតីកង់បីផ្សេងទៀតជិះទៅដេកផ្ទះសំណាក់កើតហេតុ ហើយនាំគ្នាជក់គ្រឿងញៀនបណ្តើររៀបចំផែនការសម្លាប់ជនរងគ្រោះបណ្តើរ ដើម្បីលួចយកម៉ូតូនៅផ្ទះសំណាក់។
បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ជនសង្ស័យក៏ហៅជនរងគ្រោះឲ្យយកស្រាបៀ២កំប៉ុងបន្ថែមទៀតចូលក្នុងបន្ទប់ ពេលនោះក៏ច្រានជនរងគ្រោះដួលផ្កាប់មុខលើពូកហើយទាញកន្សែងពោះគោរិតកជនរងគ្រោះ ថែមទាំងបានស្រែកឲ្យឈ្មោះ ខឹម សំណាង យកខ្នើយសង្កត់លើមុខជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចឲ្យឈ្មោះ ខឹម សំណាង នៅយាមជនរងគ្រោះ ខ្លួនជាអ្នកទៅកាច់សោលួចម៉ូតូ។
ក្រោយពីកាច់សោរលួចម៉ូតូបានហើយ ទើបចូលទៅហៅឈ្មោះ ខឹម សំណាង ចេញក្រៅរួចជិះដុបគ្នាទៅកៀនស្វាយ ខ្លួនបានទូរសព្ទ័ទៅឈ្មោះ ជាង ម៉ាប់ ហៅ ចេក ដើម្បីណាត់ជួបគ្នាទិញម៉ូតូនៅក្បែរវត្តនិរោធក្នុងតម្លៃ ៤០០ដុល្លារ ចែកគ្នាពីរនាក់ឈ្មោះ ខឹម សំណាង បានម្នាក់ ២០០ដុល្លារ។
ចំណែកជនសង្សយ័ឈ្មោះ ខឹម សំណាង បានសារភាពថា ខ្លួនជាអ្នកទិញថ្នាំញៀន និងជក់ជាមួយឈ្មោះ ថា ធុល ហើយពិតជាបានចូលរួមធ្វើសកម្មភាពដូចការរៀបរាប់ខាងលើរបស់ឈ្មោះ ថា ធុល ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ត្រូវបានជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត៕