(ភ្នំពេញ)៖ នៅទីបំផុត រោងចក្រផលិតទឹកម្ទេស, ម្ទេសឆា, ទឹកជ្រលក់ហឹរ និងកាពិឆា របស់សិប្បកម្ម រ៉ារី បានបើកស្លាកសម្ពោធជាផ្លូវការហើយ ពោលគឺចំថ្ងៃបុណ្យចូលឆ្នាំចិនតែម្តង ដើម្បីយកសិរីសួស្តី ហេងហេង ខណៈការដាក់ដំណើរការរោងចក្រនេះ គឺដោយសារតែសង្កេតឃើញថាបងប្អូនខ្មែរ មានការគាំទ្រច្រើនចំពោះស្នាដៃផលិតទឹកជ្រលក់ ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរពិតៗ។
លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ នាយិកាសិប្បកម្ម រ៉ារី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹង នៅថ្ងៃទី១២ ខែកុម្ភៈ នេះថា «នេះជាថ្ងៃដំបូង ហេីយក៏ជាថ្ងៃចូលឆ្នាំចិន ដែលខ្ញុំត្រូវបេីកផ្លាកសិប្បកម្មរ៉ារីរបស់នាងខ្ញុំដោយផ្ទាល់។ សូមសិរីសួស្តីកេីតមានដល់សិប្បកម្មរ៉ារី ហេីយខ្ញុំនឹងខិតខំបន្តប្រឹងប្រែងផលិតផលិតផលស្នាដៃកូនខ្មែរយេីងបន្ថែមទៀត ដេីម្បីផ្តល់ជូនពុកម៉ែបងប្អូនអតិថិជនទាំងអស់។សង្ឃឹមថា សិប្បកម្មរ៉ារី នឹងឈានឆ្ពោះទៅមុខដល់ឆាកអន្តរជាតិ»។
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយ បច្ចុប្បន្ននេះផលិតផលរបស់សិប្បកម្ម រ៉ារី ដែលមានដូចជា ទឹកម្ទេស, ម្ទេសឆា, ទឹកជ្រលក់ហឹរ និងកាពិឆា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។
ក្រៅពីមានការលក់នៅគ្រប់សាខាតេលាក្នុងរាជធានីភ្នំពេញហើយនៅ ក៏មាននៅតាមបណ្តាខេត្តទូទាំងប្រទេសផងដែរ។ជាពិសេស ការដាក់ដំណើរការរោងចក្រដ៏ធំរបស់សិប្បកម្មរ៉ារី នៅពេលនេះ គឺជាផ្នែកមួយដើម្បីពន្លឿនការផលិត ដើម្បីផ្តល់ជូននូវផលិតផលមានគុណភាពដល់អតិថិជនឲ្យទាន់ពេលវេលា៕