(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បាននិងកំពុងសាងសង់វិមានឯករាជ្យនៅក្រុងសែនមនោរម្យជិតរួចរាល់ហើយ ដែលជាក្ដីត្រេកអរមួយចំពោះប្រជាពលរដ្ឋក្នុងខេត្ត ដែលនឹងទទួលបានសមិទ្ធផលថ្មីមួយទៀត ខណៈអភិបាលខេត្ត ស្វាយ សំអ៊ាង បានផ្ដាំផ្ញើដាស់តឿនដល់ក្រុមសាងសង់ត្រូវគិតដល់សោភ័ណភាព និងតម្លៃស្ថាបត្យកម្មជាចម្បង។
ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ស្វាយ សំអ៊ាង រួមទាំងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមន្រ្តីជំនាញ បានចុះពិនិត្យការសាងសង់វិមានឯករាជ្យ និងរៀបចំកែលម្អបរិវេណសំណង់វិមានឯករាជ្យក្នុងក្រុងសែនមនោរម្យ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីឲ្យមានសោភ័ណស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើនសក្តានុពលវិស័យទេសចរ និងកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ក្នុងការចុះត្រួតពិនិត្យនោះដែរ លោក ស្វាយ សំអ៊ាង បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នាក្នុងការរៀបចំកែលម្អនៅបរិវេណសំណង់ វិមានឯករាជ្យឲ្យកាន់តែចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
បន្ថែមលើសនេះ លោកអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលចូលមកទស្សនានៅវិមានឯករាជ្យនេះ ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នាឲ្យបានគង់វង្ស៕