(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មី ស្របតាមការសម្រេចពីរាជរដ្ឋាភិបាល ដោយលោក ព្រួញ រិទ្ធថា ត្រូវបានតែងតាំងជំនួសលោក ចាន់ សំបូរ ដែលត្រូវបានផ្លាស់ទៅក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុកទាំងអស់ក្នុងខេត្តជាច្រើននាក់។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរថ្មីដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បានឡើងប្តេជ្ញាចិត្តនៅចំពីមុខគណៈអធិបតីក្នុងអង្គពិធីទាំងមូលថា នឹងខិតខំបន្តភារកិច្ច និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីចូលរួមបម្រើការងារជំនាញរបស់ខ្លួន និងបម្រើសេវាសាធារណៈជូនប្រជាប្រជាពលរដ្ឋទូទៅឲ្យកាន់តែល្អប្រសើរឡើង។
លោក ងួន រតនៈ បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការតែងតាំងប្រធានមន្ទីរថ្មីនាពេលនេះ និងសូមផ្តាំផ្ញើថាក្នុងនាមជាអ្នកបន្តវេនសំខាន់ត្រូវមានសាមគ្គីភាពល្អ ជាមួយស្ថាប័នពាក់ព័ន្ធក្នុងខេត្តឲ្យបានល្អ ដើម្បីធ្វើការជាមួយគ្នា ពិសេសបម្រើប្រជាពលរដ្ឋបានល្អប្រសើរផងដែរ។
លោក ស៊ុយ សាន បានថ្លែងថា លោក ព្រួញ រិទ្ធថា មានការគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្រ្តីរាជការក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលធ្លាប់មានស្នាដៃល្អ សីលធម៌ គុណធម៌ មានសមត្ថភាព និងអាចធ្វើការបន្តវេនបានល្អទៅថ្ងៃមុខ។
លោក ស៊ុយ សាន បានផ្តាំផ្ញើដល់អង្គពិធីថា «យើងមានការងារជាច្រើនទៀត ដែលយើងទាំងអស់គ្នាត្រូវបន្តធ្វើដើម្បីបំរើទាំងការងារជំនាញ និងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ»។
លោកបានបន្តទៀតថា ការងាររបស់មន្ទីរជំនាញគឺនៅសល់ជាច្រើនទៀតដែលត្រូវបម្រើជូនប្រជាពលរដ្ឋ ពិសេសការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបន្តទៀតផងដែរ៕