(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក យោប អះស្ការី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលយកអំណោយមនុស្សធម៌ជាគម្ពីរអាល់គួរអាន ចំនួន ៥,១០៤ក្បាល គិតជាថវិកាស្មើនឹង ២៥,៥២០ដុល្លារ ពីមូលនិធិពិភពម៉ាឡេពិភពឥស្លាម (DMDI) ម៉ាឡេស៊ី សម្រាប់ចែកជូនសហគមន៍ឥស្លាមកម្ពុជាប្រើប្រាស់ដោយឥតគិតថ្លៃ។
លោក យោប អះស្ការី បានគូសបញ្ជាក់ថា គម្ពីរអាល់គួរអាន ជាអំណោយសប្បុរសជននៅម៉ាឡេស៊ី និងបានរៀបចំដោយ TYT Tun Datuk Seri Dr. Hj Mohd Ali Bin Mohd Rustam ប្រធានរដ្ឋម៉ាឡាកា និងជាប្រធានមូលនិធិពិភពម៉ាឡេពិភពឥស្លាម (DMDI) ដោយចេញថ្លៃដឹកជញ្ជូនតាមកប៉ាល់ពីម៉ាឡេស៊ី មកកម្ពុជាតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយមានការអនុញ្ញាតជាគោលការណ៍ពី លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងការបង់ពន្ធ អាករ ជាបន្ទុករបស់រាជរដ្ឋាភិបាល។
លោកបានបន្តថា សមិទ្ធផលទាំងនេះ បានមកក៏ដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពប្រកបដោយសុខដុមនីយកម្មគ្រប់ជាតិសាសន៍ និងការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក យោប អះស្ការី បានបញ្ជាក់បន្ថែមថា ក្រៅពីអំណោយជាគម្ពីរគួរអាន DMDI ក៏បានជួយដល់កម្ពុជាជាច្រើនកន្លងមក មានដូចជាការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាបន្តការសិក្សា នៅប្រទេសម៉ាឡេស៊ី ជួយសាងសង់វិហារ សូរ៉ាវ សាលារៀន និងកញ្ចប់អំណោយក្នុងខែរ៉ាម៉ាឌន ជួយឧបត្ថម្ភដល់ចាស់ជរាគ្មានទីពឹងជាដើម៕