(ភ្នំពេញ)៖ គិតត្រឹមដំណាច់ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៧៩ប៊ីលានដុល្លារអាមេរិក។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ដីពី កិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការ ចម្រុះកម្ពុជា-ជប៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា គម្រោងវិនិយោគជប៉ុន ទាំង១៤៤ខាងលើនេះ ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៦៦គម្រោង បានបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ សរុបប្រមាណ៣៤០លានដុល្លារអាមេរិក។
កិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការ ចម្រុះកម្ពុជា-ជប៉ុន ធ្វើឡើងក្រោមវត្ដមាន លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
កិច្ចប្រជុំនេះ ការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ចំនួនប្រមាណ ១១០រូប នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃ កិច្ចព្រមព្រៀងរវាងកម្ពុជា-ជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្ដល់ឱកាសដល់អ្នកវិនិយោគជប៉ុន លើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈមនានា និងសំណូមពរ ជូនតំណាងរាជរដ្ឋាភិបាលពិនិត្យ និងរកដំណោះស្រាយក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
អង្គប្រជុំ បានផ្តោតការពិភាក្សា លើចំណុចអាទិភាពមួយចំនួន ដូចជា៖
១៖ ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ សម្រាប់រោងចក្រសហគ្រាសក្នុងវិស័យកម្មន្តសាល
២៖ បញ្ហាពាក់ព័ន្ធនឹងបញ្ហាពន្ធដារ ជាពិសេសការប្រើប្រាស់ប្រព្រឹត្តកម្មគណនេយ្យចំពោះវិស័យកាត់ដេរ និងកម្មន្តសាល
៣៖ ការអនុវត្តនីតិវិធីនាំចូលរថយន្ត និងវិធានប្រកួតប្រជែងមិនស្មើភាព
៤៖ តារាងតម្លៃអគ្គិសនីថ្មីសម្រាប់ឆ្នាំ២០២១ និងស្វែងរកលទ្ធភាពក្នុងការបញ្ចុះថ្លៃដើមនៃការផលិតអគ្គីសនី
៥៖ បញ្ហាឡូជីស្ទិក ដោយស្វែងរកលទ្ធភាព ក្នុងការពន្លឿននីតិវិធីសម្រាប់បើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនកាន់តែប្រសើរ។
លោក សុខ ចិន្តាសោភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់សហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា ដែលជានិច្ចកាល បានបន្តជំរុញសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជា ឲ្យមានសកម្មភាពរស់រវើក ទោះបីមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ។
លោកថា នេះជាសក្ខីភាពមួយ ដែលអ្នកវិនិយោគជប៉ុនបានបង្ហាញពីការប្តេជ្ញាចិត្ត បន្តការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផ្តល់ជំនឿទុកចិត្តយ៉ាងមុតមាំ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានកោតស្ញប់ស្ញែងចំពោះការដឹកនាំ ដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបញ្ញាញាណដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការទប់ទល់នឹងការញាំញី នៃជំងឺរាតត្បាតកូវីដ-១៩ ដោយរក្សាបាននូវឧត្តមភាព ប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕