(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ តំណាងនាយឧត្តមសេនីយ៍ សេង យូអ៊ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានស្ថាបនានិងវិស្វកម្ម ដើម្បីដាក់ទិសដៅពង្រឹងការងារ របស់នាយកដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងចែកផ្លាកលេខរថយន្ត សម្រាប់បំពាក់លើរថយន្តរបស់កងវិស្វកម្ម ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំខាងលើ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានផ្តាំផ្ញើ និងបានដាក់ចេញនូវគោលការណ៍យុទ្ធសាស្រ្តមួយចំនួន ដើម្បីតម្រង់ទិសបន្ថែមទៀត ក្នុងការដឹកនាំនាយកដ្ឋាន ជៀសវាងក្នុងការយករថយន្តដែលបានបំពាក់ស្លាកលេខរដ្ឋទៅដឹកជញ្ជូននៅទំនិញខុសច្បាប់ ដែលក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ត្រូវធ្វើអ្វីដែលត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរទៅដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ត្រូវធ្វើការអប់រំទៅដល់ថ្នាក់ក្រោមដែលទទួលខុសត្រូវលើការបើកបររថយន្តដែលមានផ្លាក «នប» នេះ ត្រូវមានភាពទទួលខុសត្រូវ កុំមានអាកប្បកិរិយាក្រអើតក្រទម និងគោរពច្បាប់ចរាចរណ៍ជាប្រចាំ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានធ្វើការចែកផ្លាកលេខនគរបាលជាតិ បំពាក់លើរថយន្តអង្គភាពនាយកដ្ឋានស្ថាបនានិងវិស្វកម្មចំនួន ២៦ ស្លាកលេខ។
ក្នុងនោះផងដែរ ក៏បានកើនរំលឹកដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម ត្រូវពិនិត្យឲ្យបានម៉ត់ចត់លើយានយន្ត គ្រឿងចក្រ ដែលបានចុះបញ្ជីជាសម្បត្តិរដ្ឋ និងបន្តផ្តល់សុពលភាព ត្រូវប្រើប្រាស់ឲ្យបានម៉ត់ចត់ និងត្រឹមត្រូវ មិនត្រូវប្រើប្រាស់ឲ្យខុសពីទម្រង់ដើមឡើយ (ដូចជាផ្លាកលេខរថយន្ត «ក» តែប្រើប្រាស់លើរថយន្ត «ខ» ទៅវិញ) និងត្រូវជួយថែទាំរថយន្ត និងគ្រឿងចក្ររបស់នាយកដ្ឋានឲ្យបានល្អប្រសើរផងដែរ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា រថយន្តដែលបានទទួលផ្លាកលេខថ្មីនេះ វាជាទ្រព្យសម្បត្តិរដ្ឋ ដូចនេះការប្រើប្រាស់ត្រូវឲ្យចំគោលដៅបម្រើផលប្រយោជន៍ជាតិ។
ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យវិស្វកម្ម របស់ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានកៀរគរសប្បុរសជនផ្តល់អំណោយជារថយន្តដឹកដីចំនួន ០៣គ្រឿង ដើម្បីទុកប្រើប្រាស់ក្នុងនាយកដ្ឋាន ក្នុងនោះផងដែរបានឲ្យមន្ត្រីជំនាញសិក្សាឲ្យបានច្បាស់លាស់ពីនីតិវិធីក្នុងការទទួលអំណោយពីសប្បុរសជន។
ជាថ្មីម្តងទៀត លោកក៏បានផ្តាំផ្ញើដល់ប្រធាននាយកដ្ឋាន ត្រូវអនុវត្តអភិបាលកិច្ចល្អ មានសាមគ្គីភាពផ្ទៃក្នុង ប្រើប្រាស់ឲ្យអស់លទ្ធភាពធនធានដែលមាន ពង្រឹងសមត្ថភាពជំនាញ ដើម្បីឲ្យថ្នាក់ដឹកនាំនាយកដ្ឋានមានភាពប្រាកដប្រជា ក្នុងការប្រើប្រាស់ការិយាល័យជំនាញ៕