(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីក្រើនរំលឹកស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ និងថ្ងៃបន្តបន្ទាប់។
ក្រសួងសុខាភិបាលបានបញ្ជាក់ពីកម្មវិធីចាក់វ៉ាក់សាំង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃជាបន្តបន្ទាប់ទៀត ដែលមានដូចខាងក្រោមនេះ៖
១៖ ឥស្សរជន និងអ្នកដែលមិនទាន់បានចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១៖
លោក លោកស្រី ដែលនៅក្នុងក្រុមដែលក្រសួងសុខាភិបាល បានជូនព័ត៌មានកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រួចហើយនោះ ហើយដែលមិនទាន់បានអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅចាក់តាមទីកន្លែង ដែលក្រសួងសុខាភិបាលបានជូនព័ត៌មានកាលពីថ្ងៃទី
០៨ ខែកុម្ភៈ ឆ្នាំ២០២១ រួចហើយ។
២៖ ក្រុមខាងក្រោមនេះ ដែលមានអាយុ ១៨ឆ្នាំ ដល់៥៩ឆ្នាំ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចតទៅ៖
* ក្រមគ្រូពេទ្យនៅតាមមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដែលជាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សូមចាត់ចែងចាក់ជូនបុគ្គលិករបស់ខ្លួន ឲ្យបានគ្រប់ៗគ្នានៅតាមទីតាំងរៀងៗខ្លួន។
* មន្ទីរពេទ្យកុមារជាតិ (លោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស ០១១ ៨១១ ១៣២)៖ សម្រាប់បុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យព្រះកុសមៈ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈជាតិកំចាត់រោគរបេង និងហង់សិនទាំងអស់ ដែលត្រូវចែកពេលគ្នាទៅចាក់ កុំឲ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យ។
* មន្ទីរពេទ្យកាល់ម៉ែត (សាស្រ្តាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤)៖ សម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។
* មន្ទីរពេទ្យព្រះអង្គឌួង (សាស្រ្តាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨)៖ សម្រាប់បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។
* មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្រ្តាចារ្យ ង ម៉េង ០៧៨ ៩៩៧ ៩៧៨)៖ សម្រាប់កងកម្លាំងនគបាលជាតិនៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញទាំងអស់ ព្រមទាំងបុគ្គលិក-មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ទាំងអស់។
ការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ត្រូវបន្តធ្វើជារៀងរាល់ថ្ងៃធ្វើការចាប់ពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីល្ងាច (ដោយសម្រាកពិសារអាហារថ្ងៃត្រង់ ពីម៉ោង១២៖០០នាទី ដល់ម៉ោង១៤៖០០នាទី)។
ឥស្សរជន និងអ្នកដែលបានចាក់ដូសទី១រួចហើយ សូមអញ្ជើញទៅចាក់ដូសលើកទី២ នៅតាមទីកន្លែងដែលខ្លួន បានចាក់លើកទី១ (ចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២៨ (មិនឲ្យលើសពីថ្ងៃទី២៨) គិតបន្ទាប់ពីថ្ងៃដែលបានចាក់លើកទី១)។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីក្រុមអាយុពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំផ្សេងៗទៀត ដែលនឹងសូមអញ្ជើញ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត នៅពេលក្រោយៗទៀត។
ក្រសួងបន្តថា សូមបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងក្រុមអាទិភាពផ្សេងៗទៀតនោះ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មេត្តាអធ្យាស្រ័យ ប្រសិនបើមិនទាន់ដល់វេន របស់ខ្លួនទេនោះ សូមមេត្តារងចាំបន្តិចសិនដោយសារវ៉ាក់សាំងមានចំនួនកំណត់នៅពេលនេះ និងដើម្បីឲ្យអ្នកដែលបានស្ម័គ្រចិត្តចាក់រួចហើយនោះ មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ដូស លើកទីពីរទៀតផងដែរ៕