(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសម្តែងការកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចការស្វែងរកជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ ខណៈការចាក់ដំណាក់កាលដំបូងទៅលើអ្នកស្ម័គ្រចិត្តបានប្រព្រឹត្តិទៅដោយរលួននោះ។
ការប្រកាសគាំទ្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច គឺស្របពេលនៅថ្ងៃទី១០ ខែកុម្ភៈនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំង ជូនប្រជាជនថ្នាក់ដឹកនាំក្រសួងស្ថាប័ន ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បន្ទាប់ពីរដ្ឋាភិបាលចិន បានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ប្រមាណ ៦០ម៉ឺនដូសនោះ។
ដំណើរការនៃការចាក់នូវវ៉ាក់សាំងនេះដំបូង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយភាគច្រើន គឺឥស្សរជនរបស់កម្ពុជា ដែលក្នុងនោះគឺម្ជុលដំបូង ត្រូវបានចាក់ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ផាន់ សិទ្ធី អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា «គណបក្សហ្វ៊ុនស៊ិនប៉ិច សូមកោតសសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលជួយទំនាក់ទំនងស្នើសុំមហាមិត្តចិន នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អ៊ឹចឹង គណបក្សហ្វ៊ុនស៊ិនប៉ិច សូមគាំទ្រ ដំណើរការនេះ»។
ជាមួយគ្នានេះដែរ លោក ផាន់ សិទ្ធី បានឱ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច ពុំមានបំណងស្នើសុំជាឯកជន ដើម្បីសុំចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ទេ ប៉ុន្តែ លោកបានអំពាវនាវដល់សមាជិក-សមាជិកា គណបក្សរបស់លោកតាមមូលដ្ឋានទាំងអស់ត្រូវធ្វើការស្នើសុំដល់អាជ្ញាធរមូលដ្ឋានប្រសិនបើមានការចាក់នូវវ៉ាក់សាំងនេះ នៅទូទាំងប្រទេសនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុស ត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង»។
តាមរយៈហ្វេសបុកនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងផ្តាំផ្ញើដល់ជនរួមជាតិទាំងអស់ កុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។ បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយ មិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់នោះ៕