(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី២នាក់) រងរបួសធ្ងន់២១នាក់ (ស្រី៤នាក់) និងរបួសស្រាល៥នាក់ (ស្រី១នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៨គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ២លើក និងបត់គ្រោះថ្នាក់៤លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៩នាក់ (យប់១៤នាក់)។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ សមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៧៩៤៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៣៥៥២គ្រឿង ពិន័យសរុប៤៤០៥គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៩៨១នាក់៕