(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងបានជួយកសាងធនធានមនុស្សនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបប្រាប់ដល់ឯកអគ្គរដ្ឋទូតរុស្ស៊ីថា កម្ពុជា-រុស្ស៊ី មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ជាប្រវត្តិសាស្ត្ររយៈពេល ៦៥ឆ្នាំមកហើយ ហើយរុស្ស៊ីគឺជាមិត្តដែលគួរឲ្យជឿជាក់បំផុត។
ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចង់ឃើញណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង។
ឆ្លៀតក្នុងឱកាសនោះ លោក Anatoly Borovik បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះចំណាត់ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានធ្វើអោយគាត់ និងសហការី អាចធ្វើដំណើរគ្រប់ទីកន្លែងទូទាំងប្រទេស ដោយមិនភ័យខ្លាចឆ្លងជំងឺកូវីដ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីឆន្ទៈ និងគោលបំណងរបស់ប្រទេសរុស្សី ក្នុងការចូលរួមជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា ហើយឯកអគ្គរដ្ឋទូត នឹងរាយការណ៍ទៅគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រុស្សី ឲ្យជួយដល់ការងារបោសសម្អាតមីននេះផងដែរ៕