(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា Think! Think! ដែលជាកម្មវិធីសិក្សាលេខ១ បង្កើតឡើងដោយប្រទេសជប៉ុន មានប្រយោជន៍៣យ៉ាង ជួយដល់កុមារ។
លោកបន្តថា ប្រយោជន៍ទាំង ៣នោះ រួមមាន៖ ជួយឲ្យកុមារពូកែខាងគណិតវិទ្យា ជួយឲ្យកុមារចូលចិត្តបច្ចេកវិទ្យា និងជួយឲ្យកុមារកែប្រែឥរិយាបទចូលចិត្តការសិក្សា។
លោក ហង់ ជួនណារ៉ុន ថ្លែងបែបនេះ ក្នុងឱកាសដែលលោកចូលរួម ក្នុងពិធីសម្ពោធគម្រោងស្ទង់មតិ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអប់រំបែប STEM តាមរយៈការប្រើប្រាស់កម្មវិធី Think!Think! និងពិធីបើកសម្ពោធ Think!Think! School & Lab។ ពិធីនេះ ក៏មានការចូលរួមពី លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានលើកឡើងអំពីភាពសំខាន់របស់ Think!Think! សម្រាប់កុមារ។ លោកបន្តថា Think!Think! គឺជាកម្មវិធីអប់រំដ៏អស្ចារ្យបំផុតមួយដែលជួយដល់ការអភិវឌ្ឍនូវជំនាញនៃការគិតបែបស៉ីជម្រៅ និងជំនាញទន់ផងដែរ។ វាអាចជួយឲ្យសិស្សានុសិស្ស បានរៀននូវជំនាញថ្មីៗ ដែលជាតម្រូវការចាំបាច់នាពេលអនាគត។
«ខ្ញុំក៏សង្ឃឹមផងដែរថានឹងមានសិស្សានុសិស្សជាច្រើននាក់ផ្សេងទៀត ដែលនឹងមានឱកាសបានរៀនកម្មវិធីសិក្សានេះនាពេលអនាគត។ កម្មវិធីសិក្សាថ្មីមួយនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងសាលាចំនួន៨ រហូតដល់ឆ្នាំ២០២២។ ហើយបន្ទាប់ពីនោះ យើងក៏រំពឹងផងដែរថាអាចនឹងធ្វើការពង្រីកនូវវិសាលភាពរបស់ខ្លួន ឲ្យក្លាយទៅជាកម្មវិធីសិក្សាថ្នាក់ជាតិ សម្រាប់ជំហានបន្ទាប់»។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ។
ការបើកសម្ពោធជាផ្លូវការរួមគ្នារវាងក្រសួងអប់រំយុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន នូវកម្មវិធីសិក្សា Think!Think! ដែលជាការអប់រំតាមបែប STEM គឺសម្រាប់សិស្សក្នុងកម្រិតបឋមសិក្សា នៅក្នុងប្រទេសកម្ពុជា។ លោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានរំពឹងដែរថា កម្មវិធីសិក្សាខាងលើ នឹងជួយលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី ហារ៊ុកុ កាមីអិ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា បានថ្លែងដែរថា Think!Think! ដែលជាកម្មវិធីសិក្សាលេខ១ របស់ប្រទេសជប៉ុន នឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាកុំព្យូទ័ររបស់សាលារដ្ឋចំនួន៨ នៅក្នុងចំនោម៦ខេត្ត សម្រាប់សិស្សានុសិស្សចំនួន ៣០០០នាក់ ក្នុងជំហានដំបូងនៃគម្រោងនេះ។
ទាក់ទងជាមួយនឹងគម្រោងនេះ JICA ក៏បាននឹងកំពុងបើកដំណើរការនូវថ្នាក់រៀនមួយនៅឯមជ្ឈមណ្ឌល CJCC ដែលកុមារគ្រប់គ្នាអាចចូលរៀនកម្មវិធីនេះបាន។ Think! Think! School & Lab ផ្តល់នូវឱកាសដ៏ល្អបំផុតមួយសម្រាប់សិស្សានុសិស្ស ក្នុងការអភិវឌ្ឍនូវជំនាញនៃការគិតបែបស៉ីជម្រៅ ជំនាញនៃការទំនាក់ទំនងក្នុងសង្គម គំនិតច្នៃប្រឌិត ការលើកទឹកចិត្ត ភាពជឿជាក់និងការមានទំនុកចិត្តលើខ្លួនឯង៕