Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីពន្ធនាគារព្រៃស មិនអនុញ្ញាតឱ្យ ប្រធានគណបក្សយុវជន ចូលជួបសកម្មជន CNRP នោះទេ

25-02-2016 09:57

(ភ្នំពេញ)៖ មន្រ្តីអនុរក្សពន្ធនាគារព្រៃស នៅព្រឹកនេះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មិនអនុញ្ញាតឱ្យ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនចូលជួប សកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ នៅក្នុងពន្ធនាគារនោះទេ។ នេះបើតាមការអះអាងរបស់ លោក ពេជ្រ ស្រស់ ដែលបានចុះទៅដល់ពន្ធនាគារនេះ នៅម៉ោង៩៖០០ព្រឹកមិញ ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន បានអះអាងយ៉ាងដូច្នេះថា «យើងខ្ញុំបានមកដល់មណ្ឌលអប់រំកែប្រែទី១(ព្រៃស)ហើយ ប៉ុន្តែមន្រ្តីពន្ឋនាគារថាដូរគោលការណ៍មិនអោយចូលជួប ដោយយកលេសថាថ្នាក់លើបញ្ជាកែប្រែផែនការ ដូច្នេះលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានពន្ឋនាគារ) មានតម្លៃយ៉ាងណាវិញ?»

សូមបញ្ជាក់ថា កាលពីម្សិលមិញ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ដោយអនុញ្ញាតឱ្យប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ចូលជួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ នៅក្នុងពន្ធនាគារ តាមសំណើដោយឱ្យជ្រើសរើសមួយថ្ងៃ ក្នុងខែកុម្ភៈនេះ ហើយមិនតម្រូវឱ្យ មានការថតរូប ថតសម្លេង និងសម្ភាសន៍ជាសម្ងាត់ជាមួយជនជាប់ឃុំឡើយ។

ចំពោះករណីនេះ Fresh News មិនទាន់អាចរកការឆ្លើយបំភ្លឺភ្លាមៗ ពីមន្រ្តីពន្ធនាគារព្រៃសនៅឡើយទេ ខណៈដែល អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា អះអាងថា លោក នឹងឆ្លើយតបចំពោះ Fresh News នៅពេលបន្តិចទៀតនេះ៕