(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ក្នុងការចាត់ទុកវ៉ាក់សាំង ជាតម្រូវការជាយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការប្រយុទ្ធ និងឈានទៅលុបបំបាត់ជំងឺកូវីដ-១៩។

ការលើកឡើងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសបានទទួលជួបពិភាក្សា ការងារជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង ។

លោក វង្សី វិស្សុត បានមានប្រសាសន៍ស្វាគមន៍ និងសូមជូនពរដល់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា សូមទទួលបានជោគជ័យ នៅក្នុងការបំពេញបេសកកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាប្រពៃណី ដែលមានតំាងពីយូរលង់ណាស់មកហើយ រវាងប្រទេស និងប្រជាជនទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ។

លោក វង្សី វិស្សុត មានប្រសាសន៍ជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌាបានជ្រាបផងដែរ អំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសអំពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឆ្លាតវៃ និងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមេបញ្ជាការផ្ទាល់ នៃសមរភូមិប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ដែលបានគ្រប់គ្រងសភាពការណ៍ វិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាព ឆ្លើយតបទៅនឹងការឆ្លងជំងឺនេះ ជាបន្តបន្ទាប់។

លោកបានបន្តថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាក្តីសង្ឃឹមរបស់ពិភពលោកទាំងមូល ដើម្បីអាចយកឈ្នះជំងឺដ៏កាចសាហាវនេះ។ ដូចនេះហើយ ទើបរាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ ក្នុងការចាត់ទុកវ៉ាក់សាំង ជាតម្រូវការជាយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការប្រយុទ្ធ និងឈានទៅលុបបំបាត់ជំងឺកូវីដ-១៩ ។

លោក វង្សី វិស្សុត និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានធ្វើការពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីកម្ពុជាអាចទិញ និងទទួលបានវ៉ាក់សាំងនេះ បានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ស្របទៅតាមផែនការលទ្ធកម្មទិញវ៉ាក់សាំង និងផែនការកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់កម្ពុជា។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក ពាក់ព័ន្ធឹបញ្ហាតំបន់ ពិសេសបញ្ហាភូមិសាស្រ្តនយោបាយមួយចំនួន ដើម្បីជាផលប្រយោជន៍ នៃប្រទេសទាំងពីរទាំងនៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទេ្វភាគី និងទាំងនៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ២០០២ មកទល់នឹងខែមករាឆ្នាំ២០២១ នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា បានផ្តល់ឥណទានសម្បទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុបចំនួន ១១២ ១២០ ០០០ ដុល្លារអាមេរិក ក្នុងនោះឥណទានសរុបចំនួន ៦៣ ២៦៦ ៩៥៩ ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់ ស្មើនឹងប្រមាណ ៥៦,៤២% នៃទំហំឥណទានសរុប ដោយមានគម្រោងចំនួន០២ កំពុងតែដំណើរការ (គម្រោងអភិវឌ្ឍន៍ធនធាន ទឹកស្ទឹងស្វាហាប់ និងគម្រោងអភិវឌ្ឍន៍ធនធានទឹកតាសាល) និងគម្រោងចំនួន៣ ត្រូវបានអនុវត្តបញ្ចប់រួចរាល់ជាស្ថាពរ (គម្រោងសាងសង់ខ្សែ បណ្តាញថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ KV ក្រចេះ-ខេត្តស្ទឹងត្រែង, គម្រោងផ្គត់ផ្គង់ម៉ាស៊ីនបូមទឹក និងគម្រោងស្តារប្រព័ន្ធ ធារាសាស្រ្តបារាយណ៍ខាងលិច)៕