(ភ្នំពេញ)៖ លោក Claude Boutry អាយុ ៧១ឆ្នាំ មានសញ្ជាតិពីរ(បារាំង-ខ្មែរ) បានសម្រេចត្រលប់មករស់នៅប្រទេសកម្ពុជាក្រោយពីចូលនិវត្តន៍។ លោកបានបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅទសវត្សរ៍ឆ្នាំ១៩៧០ នៅវិទ្យាល័យបារាំងមួយនៅរាជធានីភ្នំពេញ និងបានទៅរស់នៅក្រៅប្រទេស ដោយមូលហេតុបន្តការសិក្សា និងក្រោយមកដោយសារអាជីពវិជ្ជាជីវៈ។
នៅក្នុងលិខិតមួយចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ផ្ញើជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងចម្លងជូន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Boutry បានកោតសរសើរអំពីការគ្រប់គ្រងបានយ៉ាងល្អរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងបានបង្ហាញអំពីសេចក្តីពេញចិត្ត និងដឹងគុណយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល។
លោកបានសរសេររៀបរាប់យ៉ាងលម្អិតអំពីវិធានការការពារបានយ៉ាងល្អរបស់មន្ត្រីកម្ពុជា រួមមាន ការទទួលនៅព្រលានយន្តហោះ ការដឹកអ្នកដំណើរទៅសណ្ឋាគារដើម្បីធ្វើចត្តាឡីស័ក និងការយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺផ្សេងៗនាអំឡុងពេលនោះ ។
លោកបានលើកឡើងថា «ខ្ញុំមានមោទនភាពណាស់ ពីព្រោះខ្ញុំទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា» ព្រមទាំងកោតសរសើរ «ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ របស់កម្ពុជា ធ្វើការដោយមានវិជ្ជាជីវៈនិងការលះបង់ដូចគ្នាទៅនឹងអ្វីដែលខ្ញុំបានឃើញនៅប្រទេសបារាំង និងជាមួយនឹងស្នាមញញឹមបន្ថែមដែលនៅពីក្រោយម៉ាស់»៕
ខាងក្រោមនេះជាលិខិតទាំងស្រុងរបស់ លោក Claude Boutry៖