(ជប៉ុន)៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងប្រធានព្រឹទ្ធសភាជប៉ុន លោក ម៉ាសាគី យ៉ាម៉ាហ្សាគី មានសម្តែងនូវក្តីសាទរចំពោះការហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។
ការសាទរនេះ ស្តែងឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លវូការ នៅប្រទេសជប៉ុន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេរភាគី ជាមួយលោក ម៉ាសាគី យ៉ាម៉ាហ្សាគី ប្រធានព្រឹទ្ធសភាជប៉ុន នៅវិមានព្រឹទ្ធសភាជប៉ុន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
តាម Facebook ផ្លូវការរបស់អ្នកនាំពាក្យនៃព្រឹទ្ធសភា បានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ច របស់សម្តេច សាយ ឈុំ នេះ កម្ពុជា-ជប៉ុន ពិតជាបានរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅថែមទៀត និងជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ ព្រមទាំងស្ថាប័ននីតិបញ្ញាតិទាំងពីរផងដែរ ទាំងពេលបច្ចុប្បន្ន និងអនាគត។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា «ប្រទេសទាំងពីបានអបអរសាទរ ចំពោះការហោះត្រង់ពីទីក្រុងតូក្យូ មកទីក្រុងភ្នំពេញ និងពីទីក្រុងភ្នំពេញទៅទីក្រុងតូក្យូ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខ និងអបអរសាទរ ចំពោះការបើកមន្ទីរពេទ្យ KITAHARA របស់ជប៉ុននៅភ្នំពេញ នាខែឧសភា ឆ្នាំ២០១៦ខាងមុខផងដែរ»៕