(ភ្នំពេញ)៖ ប្រពៃណីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម បានសាយភាយទៅកាន់ប្រទេសជាច្រើន នៅជុំវិញពិភពលោក តាមរយៈអ្នកដែលកាត់សែស្រឡាយជនជាតិទាំងពីរនេះ បានទៅរស់នៅប្រទេសទាំងនោះ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ នៅក្នុងពិធីបុណ្យនេះ ក្រៅតែពីសំណែន និងក្រដាស ជូនពរឆ្នាំថ្មី ក៏ដូចជាមានគោមក្រហម ដែលដាក់តាំងនៅក្នុងផ្ទះ ជនជាតិចិន-វៀតណាម និងបងប្អូនខ្មែរកាត់សែស្រឡាយ ចិន-វៀតណាម តែងតែដាក់តាំងលម្អគេហដ្ឋាន នូវដើមរុក្ខជាតិ ឬដើមផ្កាផ្សេងៗ ដូចជាផ្កាអង្គាសិល្ប៍ជាដើម។

ផ្កាអង្គារសិល្ប៍ គឺជាផ្កាម្យ៉ាងដែលតំណាងឲ្យភាពរីករាយ និងជោគជាតារាសី ហើយក៏ជាដើមឈើសួគ៍ ដែលតំណាងឲ្យវីរជនផងដែរ ព្រោះផ្កានេះអាចរីកលូតលាស់បានយ៉ាងល្អ នៅក្នុងរដូវធ្លាក់ទឹកកកនៅក្នុងប្រទេសចិន ដែលបង្ហាញពីភាពតស៊ូរ រឹងមាំ ហេតុដូច្នេះហើយទើបជនជាតិ ចិន-វៀតណាម និងខ្មែរកាត់សែស្រឡាយចិន-វៀតណាម ភាគច្រើនមិនដែលភ្លេចក៏ដូចជាមិនអាចខ្វះបានឡើយនូវការដាក់តាំងផ្កាអង្គារសិល្ប៍ ជាពិសេសពួកគាត់មានជំនឿថា ការដាក់តាំងផ្កាអង្គារសិល្ប៍ធ្វើឲ្យរាសីរបស់ពួកគាត់ឡើង នៅពេលដែលផ្កានោះរីកកាន់តែល្អ រាសីរបស់ពួកគាត់នឹងកាន់តែឡើងខ្ពស់ទៅតាមនោះដែរ។

ដោយសារតែមានការនិយមដាក់តាំងផ្កាអង្គារសិល្ប៍នេះហើយ ទើបធ្វើឲ្យអាជីវករមានការទិញផ្កាអង្គារសិល្ប៍ មកលក់ជាហូរហែរជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះជាឆ្នាំដែលប្លែកជាងឆ្នាំមុនៗ ព្រោះតែមានការផ្ទុះឡើងនូវជំងឺ Covid-19 ដែលធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ច និងការប្រកបរបររបស់អាជីករ តែទោះជាយ៉ាងណាការដាក់តាំងលក់ផ្កាអង្គាសិល្ប៍ពីសំណាក់បងប្អូនអាជីវករ ត្រូវបានសង្កេតមើលឃើញថា នៅតែមានសភាពផុលផុល។

កំពុងតែមមាញឹកនៅក្នុងការចងផ្កាអង្គារសិល្ប៍ ដើម្បីដាក់តាំងលក់នោះ លោក ហៀ យូរដ្ឋធី ហៅ ង៊ូវ ជាអាជីវករនៅសង្កាត់សែនសុខ រាជធានីភ្នំពេញ បានឆ្លៀតឲ្យដឹងថា លោកបានទៅទិញផ្កានេះពីខេត្តពោធិ៍សាត់ ដោយផ្ទាល់ជាមួយនឹងដើមទុនជាង៧,០០០ដុល្លារ តែសម្រាប់ឆ្នាំនេះគឺគាត់នាំយកផ្កាអង្គារសិល្ប៍តិចជាងឆ្នាំមុន ព្រោះតែកូវីដ១៩ ប៉ុន្តែបែរជាមានអតិថិជនមកទិញជាច្រើនហូរហែរទៅវិញ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការប្រារព្ធពិធីផ្សេងៗឡើងវិញ។ លោករំពឹងថាផ្កានេះនឹងលក់អស់ហើយមិនខាតនោះទេ គឺមានតែចំណេញ។

ក្រឡេកមកអាជីវករមួយរូបទៀតនៅផ្សារដីហុយ ឈ្មោះ ខឹម សុផាត ដែលមានបទពិសោធន៍នៅក្នុងរបរនេះជាង៤០ឆ្នាំមកហើយនោះ ពោលគឺតាំងពីឆ្នាំ១៩៧៩ បានបញ្ជាក់ថា បើទោះបីជាក្នុងឆ្នាំនេះកំពុងប្រឈមនឹងជំងឺកូវីដ១៩ យ៉ាងណាក្តី តែការនាំយកផ្កាមកមកលក់មិនមានការថមថយនោះទេ ជាមួយនឹងតម្លៃធូរថ្លៃជាងឆ្នាំមុន ព្រោះថាឆ្នាំមុនគាត់ហ៊ានទិញក្នុងតម្លៃថ្លៃ ដែលធ្វើឲ្យរូបគាត់ខាតប្រាក់អស់រាប់ពាន់ដុល្លារ ខណៈដែលផ្កានេះ អាចលក់បានតែក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចិន-វៀតណាម តែប៉ុណ្ណោះ ផុតពីនេះនឹងមិនមានអ្នកទិញនោះទេ គឺហាក់បីដូចជាបោះចោលតែម្តង។ លោកស្រីបានឲ្យដឹងទៀតថា បើទោះបីជាផ្កានេះ យកមកមានតម្លៃធូរថ្លៃជាងឆ្នាំមុន តែលោកស្រីអាចលក់ចេញបានក្នុងតម្លៃថេរ បើធៀបនឹងឆ្នាំមុន។

បើទោះបីជាមានការលើកឡើងថា ការលក់ផ្កាអង្គារសិល្ប៍នៅក្នុងឆ្នាំនេះ គឺហាក់មិនមានការថមថយជាមួយនឹងការរំពឹងថា ចំណេញទៀតនោះ លោកស្រី មុំ វ័យ៦០ឆ្នាំ អាជីករមួយរូបនៅមុខវត្តទឹកថ្លា ដែលធ្លាប់ប្រកបរបរនេះ ប្រមាណជាង១០ឆ្នាំ បែរមានការលើកឡើងថា លោកស្រីទទួលយកផ្កាមកលក់បន្តក្នុងកម្រិតតិចតួចប៉ុណ្ណោះ ជាមួយនឹងតម្លៃថ្លៃ ព្រោះបើយកមកតិច ទោះបីជាខាតក៏ខាតតិចដែរ ខណៈដែលលោកស្រីធ្លាប់ខាតម្តងរួចមកហើយ អស់ចំនួន៧លានរៀល នៅពេលដែលលោកស្រីឡើងទៅយកខ្លួនឯងដោយផ្ទាល់។ ហើយចំពោះសន្ទុះនៃការលក់ចេញវិញ បើធៀបនឹងឆ្នាំមុនគឺមានការថយចុះ ដោយសារតែកត្តាកូវីដ១៩ ដែលហាក់ធ្វើឲ្យប៉ះពាល់ដល់ចំណូល ក៏ដូចជាថវិការរបស់អ្នកទិញ ខណៈដែលឆ្នាំនេះ លោកស្រីហ៊ានយកផ្កា១ដើម ថ្លៃបំផុតត្រឹម៥០ដុល្លារ ប៉ុណ្ណោះមកលក់បន្ត។

ចំណែកឯអ្នកនាង ស្រីណា ដែលជាអ្នកទិញផ្កាអង្គារសិល្ប៍នៅរង្វង់មូលវត្តសំពៅមាស ដើម្បីយកទៅដាក់តាំងលម្អរវិញនោះ បានលើកឡើងថា ការសែននៅក្នុងឆ្នាំនេះគឺមានការត្បិតត្បៀតជាងឆ្នាំមុន ដោយសារកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គាត់ខ្លះដែរ តែទោះជាយ៉ាងសម្រាប់ផ្កាអង្គារសិល្ប៍វិញ គាត់មិនដែលចោលនោះទេ មានការទិញដាក់តាំងលម្អជារៀងរាល់ឆ្នាំ។ កូនខ្មែរកាត់សែរស្រឡាយចិនរូបនេះ បានបញ្ជាក់ទៀតថា បើទោះបីជាផ្កាអង្គារសិល្ប៍នេះ រីកចំថ្ងៃសែន រឺក៏មិនចំថ្ងៃក្តីក៏មិនប៉ះពាល់ដល់រាសី និងការរកស៊ីរបស់គាត់ដែរ ពោលគឺនៅតែមានរាសីល្អ អាជីវកម្មនៅតែរលូន។

កូនខ្មែរកាត់សែរស្រឡាយចិនម្នាក់ទៀត អ្នកនាង លីន ដែលកំពុងតែរកមើលទិញផ្កានៅម្តុំរង្វង់មូលវត្តសំពៅមាសសម្រាប់ដាក់តាំងលម្អរផ្ទះដែរនោះ បានលើកឡើងស្រដៀងគ្នាថានៅក្នុងឆ្នាំនេះ គាត់ដាក់តាំងផ្កាតិចជាងឆ្នាំមុន ព្រោះតែកត្តាកូវីដ១៩ ប៉ុន្តែនៅតែមិនបោះបង់ចោលនូវទម្លាប់ដាក់តាំងលម្អរផ្កាអង្គារសិល្ប៍នេះនោះទេ ព្រោះគាត់ជឿរជាក់ថាផ្កានេះ គឺនាំមកនូវសំណាងល្អ និងលើករាសីផងដែរ។

ទាំងអ្នកទិញ និងអ្នកលក់ដើមផ្កាអង្គារសិល្ប៍នេះ សុទ្ធតែបង្ហាញជំនឿថា ផ្កាអង្គារសិល្ប៍អាចនាំឲ្យពួកគាត់មានរាសីខ្ពស់ និងសំណាងល្អថែមទៀត ប៉ុន្តែការលើកឡើងនេះហាក់គ្រាន់តែជាជំនឿតគ្នាមក មិនមានការច្បាស់លាស់នោះទេ។

ពាក់ព័ន្ធទៅនឹងប្រវត្តិនៃពិធីបុណ្យចូលឆ្នាំចិន លោកគ្រូចិនសែរដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា លោក កុក ឡុង បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធប្រឆាំងជាមួយសត្វ ក្នុងទេវកថា មានឈ្មោះថា នៀន មានន័យថាឆ្នាំ ជាភាសាចិន។ នៅថ្ងៃទីមួយក្នុងឆ្នាំថ្មី នៀនបានមកកាប់សម្លាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួក ក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិបានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។

គ្រាមួយ អ្នកភូមិបានឃើញនៀន មានភាពភ័យខ្លាច ជាមួយនឹង ក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម ។ រួចហើយអ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម ។ ហេតុនេះហើយនៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នាបំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហមនៅតាមទ្វារ និងបង្អួចផ្ទះ រៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញនៀនឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមកនៀនពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វនៀននោះ។ សត្វនៀនក៏ខ្លាចទៅជា យានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ។

លោកគ្រូបានបញ្ចាក់ទៀតថា ចំពោះផ្កាអង្គាសិល្ប៏វិញល្អលេខ១គឺផ្ការីក៣ថ្ងៃ ហើយអង្គាសិល្ប៏នៅឯប្រទេសចិនធ្លាក់ទឹកកករឹតតែរងារ ផ្កាអង្គារសិល្ប៏នេះបែជាកាន់តែរីកលូតលាស់ មិនខ្លាចរងារ អញ្ចឹងមានន័យថាផ្កានេះគឺតំណាងឲ្យការតស៊ូរ ហើយផ្កាអង្គាសិល្ប៏អាចដាក់តាមលទ្ធភាព ១០-២០ដុល្លារក៏បាន មិនចាំបាច់ទាល់តែ២០០ ទៅ ៣០០ដុល្លារនោះទេ ជាមួយនឹងការចងអាំងប៉ាវតែមិនបាច់ដាក់លុយនោះទេ ដើម្បីតំណាងឲ្យលុយកាក់៕