(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy និងឯកអគ្គរាជទូតអូស្រ្តាលី Pablo Kang សុទ្ធតែថ្លែងពីការកោតសរសើរដល់ក្រុមហ៊ុន អេមរុរ៉ាយស៍ ខេមបូឌា ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយរបស់កម្ពុជា ក្នុងការជួយដល់កសិករ។
ការថ្លែងនូវការកោតសរសើរនេះ ធ្វើក្នុងឱកាសដែលឯកអគ្គរដ្ឋទូតទាំង២ ចូលរួមពិធីរំលឹកអនុស្សាវរីយ៍ខួប១០ឆ្នាំ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ខេមបូឌា នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ សណ្ឋាគារ Raffle ក្រោមការចូលរួមពីភ្ញៀវកិត្តិយសប្រមាណជាង១០០នាក់។
ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានឡើងថ្លែងចំណាប់អារម្មណ៍អបអរដល់ក្រុមហ៊ុន និងបានរំលេចអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក លើគម្រោងស្រូវសរីរាង្គរបស់អេមរុ តាមរយៈការផ្តល់នូវហិរញ្ញប្បទាន ពីធនាគារនាំចេញនាំចូលរបស់អាមេរិក (Exim Bank) គាំទ្រដល់ក្រុមហ៊ុនក្នុងការពង្រឹង នូវខ្សែសង្វាក់ផលិតកម្ម ប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធស្តុកស្រូវ អង្ករ (Silo) ស្តង់ដារបច្ចេកវិទ្យារបស់អាមេរិក ដែលអាចមានលទ្ធភាពស្តុកស្រូវបានម្តងចំនួន៣០០០តោន។
លោកបន្តថា «វា (Silo) ជួយគាំទ្រអេមរុ លើការពង្រឹង និងពង្រីកនូវលទ្ធភាពស្តុកស្រូវ។ ហើយកសិករ ក៏បានទទួលផលពីកិច្ចសន្យាកសិកម្ម តាមរយៈការបណ្តុះបណ្តាលពីក្រុមហ៊ុន។ ចក្ខុវិស័យទាំងអស់នេះហើយ ដែលធ្វើឱ្យសហរដ្ឋអាមេរិកមានមោទនភាពក្នុងការសហការ តាមរយៈកម្មវិធីផ្សេងៗ ដើម្បីគាំទ្រដល់អេមរុ ក្នុងការក្លាយជាក្រុមហ៊ុននាំចេញកំពូលមួយនៅកម្ពុជា»។
មិនខុសគ្នានេះដែរ ឯកអគ្គរាជទូតអូស្រ្តាលី Pablo Kang ក៏បានផ្តល់កិត្តិយស ឡើងថ្លែងចំណាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងកម្ពុជា លើវិស័យស្រូវកសិកម្មកម្ពុជា ដែលមានតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ទៅលើការស្រាវជ្រាវនិងគោលនយោបាយ។
លោកបានលើកឡើងអំពីការគាំទ្ររបស់រដ្ឋាភិបានអូស្រ្តាលី លើវិស័យស្រូវអង្ករកម្ពុជា តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ជាពិសេសជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ នាពេលកន្លងមក ទៅលើកិច្ចសន្យាកសិកម្ម និងការងារលើកកម្ពស់នូវខ្សែសង្វាក់តម្លៃផលិតកម្ម។
លោកបានបន្តថា «ជាមួយអេមរុ យើងចែករំលែកនូវមហិច្ឆតារួមគ្នា ក្នុងការអភិវឌ្ឍនូវខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មខ្ពស់ និងបង្កើននូវផលិតកម្មស្រូវផងដែរ។ យើងឃើញថា អេមរុ គឺជាដៃគូដែលប្រកបដោយការតាំងចិត្ត និងមានប្រសិទ្ធពលខ្ពស់ ក្នុងាការផ្តល់នូវការគាំទ្រ ដល់កសិករបែបការអនុវត្តជាក់ស្តែង»។
លោកបានបន្ថែមទៀតថា អេមរុគឺជាក្រុមហ៊ុននាំចេញទៅប្រទេសអូស្រ្តាលីច្រើនជាងគេ ដែលកាលពីឆ្នាំ២០២០ នាំចេញបានប្រមាណ ២ម៉ឺន៧ពាន់តោន ដែលមានការកើនឡើងទ្វេដង ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ បើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ។
លោក សុង សារ៉ន អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអេមរុរ៉ាយស៍ បានថ្លែងចំណាប់អារម្មណ៍ ក្នុងឱកាសពិធីរំលឹកអនុស្សាវរីយ៍ ខួប១០ឆ្នាំ នៃក្រុមហ៊ុនអេមរុរ៉ាយស៍ ថា៖ «ថ្ងៃនេះជាថ្ងៃ រំលឹកខួបអនុស្សាវរីយ៍១០ឆ្នាំ នៃការកកើតក្រុមហ៊ុនអេមរុរ៉ាយស៍។ ខ្ញុំមិនអាចមានថ្ងៃទេ បើគ្មានការជួយជ្រោមជ្រែង ពីអ្នកទាំងអស់គ្នា។ បើឱ្យរំលឹកទៅកាន់អតីតកាលវិញ មានរឿង៣ចំណុច ដែលជម្រុញឲ្យខ្ញុំចាប់ផ្តើមនូវធុរកិច្ចមួយនេះ។ ចំណុចទី១ គោលនយោបាយលើកកម្ពស់ស្រូវអង្ករ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងឆ្នាំ ២០០៩ / ២០១០។ ចំណុចទី២ គ្រួសាររបស់ខ្ញុំជា គ្រួសារកសិកម្ម ឪពុករបស់ខ្ញុំជាមន្រ្តីផ្នែកកសិកម្មដែលបានចូលនិវត្តន៍ និងម្តាយរបស់ខ្ញុំ ជាអ្នកលក់អង្ករក្នុងស្រុកម្នាក់ ដែលទទួលមុខជំនួញនេះបន្តពី ឪពុករបស់គាត់។ ចំណុចទី៣ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់អង្ករកម្ពុជា ដែលនាំចូលទៅសហគមន៍ អឺរ៉ុប»។
ដោយមានការចាប់អារម្មណ៍ខ្ពស់ ទៅលើការលើកឡើងរបស់លោក សុង សារ៉ន ទាក់ទងទៅនឹងគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺគោលនយោបាយស្រូវអង្ករកម្ពុជាឆ្នាំ២០១០ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា៖ «ខ្ញុំគឺជាមនុស្សម្នាក់ ដែលបានចូលរួមក្នុងការបង្កើតនូវគោលនយោបាយស្រូវអង្ករកាលពី១០ឆ្នាំមុន។ កាលនោះ យើងបានគិតទៅដល់តម្លៃបន្ថែមទៅលើផលិតកម្មស្រូវអង្ករ នៅក្នុងប្រទេសកម្ពុជា ដែលមានការកើនឡើង ថាតើអ្វីទៅជាការអភិវឌ្ឍ អ្វីទៅជាការរីកលូតលាស់»។
លោកបានរំលេចឡើងអំពីលក្ខណៈពិសេសនៃធុរកិច្ចរបស់អេមរុ ដែលផ្តោតទៅលើភាពពិសេសដាច់ដោយឡែក តួយ៉ាងគឺស្រូវអង្ករសរីរាង្គជាដើម ដែលជាលក្ខណៈពិសេសមួយរបស់កម្ពុជា ហើយលោកមើលឃើញពីកាលានុវត្តភាពក្នុងការរីកចម្រើនបន្តទៅមុខទៀតរបស់ក្រុមហ៊ុន ក្រោមគោលនយោបាយយកចិត្តទុកដាក់ លើវិស័យស្រូវអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្ថែមថា «អេមរុររ៉ាយស៍ គឺជាគំរូដ៏ល្អមួយ សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចរបស់កម្ពុជា។ វាគឺជារឿងរ៉ាវនៃការអភិវឌ្ឍ ជារឿងរ៉ាវនៃការមើលឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ក្រុមហ៊ុន»។
បន្ថែមពីនេះ លោកស្រី តឹករ៉េត កំរង ដែលធ្លាប់បាន អញ្ជើញឱ្យចូលរួមសម្ពោធការបើករោងម៉ាស៊ីនកិនស្រូវដំបូងគេ នៅក្រុងភ្នំពេញ គឺរោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ នៅឆ្នាំ២០១២ ដែលនេះជាការណ៍មួយធ្វើឱ្យលោកស្រីចាំមិនភ្លេច និងមោទនភាពនូវភាពរីកចម្រើន របស់ក្រុមហ៊ុនអេមរុរ៉ាយស៍។
លោកស្រីបានមានប្រសាសន៍ថា «ក្រុមហ៊ុនអេមរុរ៉ាយស៍ គឺជាឧទាហរណ៍មួយនៃស្មារតីនៃភាពជាសហគ្រិន ប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ ដែលរួមញ្ចូលគ្នា ដើម្បីធ្វើឱ្យអង្ករកម្ពុជា ល្បីល្បាញដល់ពិភពលោក»។
លោកស្រីក៏បានលើកឡើងថា សកម្មភាពការងាររបស់អេមរុ បានធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់ នៅរបស់ប្រជាកសិករជាច្រើនគ្រួសារនៅទូទាំងប្រទេស ហើយនិងកាន់តែមានជំនឿថា ទៅថ្ងៃមុខ កម្ពុជាពិតជាមានសមត្ថភាពផលិតផលិតកម្មកសិកម្ម សម្រាប់បម្រើឱ្យការនាំចេញ ដើម្បីបង្កើតផលប្រយោជន៍ដល់គ្នាទៅវិញទៅមក តាមរយៈការស្វែងរកទីផ្សារជូនប្រជាកសិករ របស់ក្រុមហ៊ុន និងដើម្បីពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ បាននាំចេញអង្ករជាផ្លូវការ និងដោយប្រយោល ក្នុងរង្វង់ប្រមាណ៤៥ម៉ឺនតោន ដែលស្មើនឹងប្រមាណ១០% នៃការនាំចេញអង្ករសរុបរបស់ប្រទេសកម្ពុជាផងដែរ។ នៅក្នុងឆ្នាំ២០២០ កសិករ៨០០០គ្រួសារបានទទួលការគាំទ្រពីអេមរុ តាមរយៈកិច្ចសន្យាកសិកម្មចំនួន៨២កិច្ចសន្យា ខណៈដែលកាលពីឆ្នាំ២០១៤ កិច្ចសន្យាកសិកម្មមានត្រឹមតែ៨សហគមន៍ ដែលស្មើនឹង២០០គ្រួសារតែប៉ុណ្ណោះ។ អេមរុក៏បានក្លាយជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គ ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងសហគមន៍អឺរ៉ុប ក្នុងឆ្នាំ២០២០៕