(កណ្ដាល)៖ ស្នងការរនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដាក់ បទបញ្ជាដល់កងកម្លាំងនគរបាលជុំវិញខេត្ត ត្រូវខិតខំរក្សាសណ្ដាប់ធ្នាប់ ការពារសុវត្ថិភាព និងអនុវត្តន៍តាមបទបញ្ជាឲ្យបានល្អ នៅអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងប្រព្រឹត្តតៅនៅថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ថ្លែងយ៉ាងដូច្នេះនៅចំពោះមុខកងកម្លាំងនគរបាលទាំងអស់ ក្នុងឱកាសពិធីជួបជុំ និងឧបត្ថម្ភដល់កងកម្លាំងនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោស្នងការ បានលើកទឹកចិត្តដល់កម្លាំងទាំងអស់ បន្តអនុវត្តន៍ការងារតាមការចាត់តាំងឲ្យបានល្អប្រសើរ ហើយតាមមើលមិនឲ្យមានការលក់ និងលេងផាវផ្ទុះនានាដែលបង្កបញ្ហាផ្សេងៗ នៅតាមមូលដ្ឋានស្របតាមការប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាលនាពេលកន្លងទៅថ្មីៗនេះ។
លោកស្នងការ បានជូនពរដល់កងកម្លាំងនគរបាលខេត្តកណ្ដាលទាំងអស់ នាឱកាសចូលឆ្នាំប្រពៃណីចិននេះផងដែរ ដោយថ្លែងលើកទឹកចិត្ត លើកកម្លាំងចិត្ត ស្មារតីដល់កម្លាំងឲ្យមបភាពស្វាហាប់ក្នុងការបំពេញការងារផងដែរ៕