(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីព្រួតគ្នាបង្កហិង្សាទៅលើស្ត្រីម្នាក់ ក្នុងខណ្ឌទួលគោក កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ មិនទាន់មានការសម្របសម្រួលគ្នាទេ ក្រោយជួបចរចាគ្នា អស់ពេលជាច្រើនម៉ោង ខណៈជនបង្កជាស្ដ្រី មិនបានចូលខ្លួនមកដោះស្រាយឡើយ ដោយសារកំពុងសម្រាកនៅមន្ទីរពេទ្យ។

តាមរយៈ Facebook របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសរសេរយ៉ាងដូច្នេះថា «សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីព្រួតគ្នាបង្កហិង្សាទៅលើស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២៣៖១០នាទី នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបំភ្លឺទាក់ទង ទៅនឹងការចុះផ្សាយរបស់គណនី Facebook មួយឈ្មោះថា Bee Yinna ដែលបានផុស ដោយមានខ្លឹមសារថា «ជិះតាមផ្លូវវាជិះខុសស្តុបហើយ ខ្ញុំស៊ីប្លេរខឹងខ្ញុំ ខលទូរស័ព្ទហៅប្រុសៗ ព្រួតគ្នាវ៉ៃខ្ញុំសុំចែករំលែក VIDEO នេះផង ករណីហិង្សានេះ កើតឡើងកាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១»

បន្ទាប់ពីបានទទួលបានព័ត៌មាន អំពីការផុសរបស់ម្ចាស់គណនី Facebook ឈ្មោះ Bee Yinna ទាក់ទងទៅនឹងករណីហិង្សានេះភ្លាម សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវករណីនេះ ដល់កន្លែងកើតហេតុ និងបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉េន វិច្ឆិកា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់គណនី Facebook ឈ្មោះ Bee Yinna) ដែលជាជនរងគ្រោះ រួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ បានធ្វើការសហការ ជាមួយកម្លាំង ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីស្វែងរកជនបង្ក។

រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ច បានស្រាវជ្រាវស្គាល់អត្តសញ្ញាណជនបង្ក និងបានធ្វើការកោះអញ្ជើញភាគី ជនរងគ្រោះឈ្មោះ វ៉េន វិច្ឆិកា និងភាគីបង្កហិង្សាឈ្មោះ ជាតិ ចំរ៉ុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រួមនិងឈ្មោះ មាស សីហា ហៅទី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស ជាមិត្តភ័ក្រ្ក។ ជនបង្កឈ្មោះ មាស សីហា បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច ដើម្បីធ្វើការបំភ្លឺ ប៉ុន្តែជនបង្កជាស្ត្រីឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទាល់នោះទេ ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បន្ទាប់ពីមានការជួបចរចារគ្នា អស់ពេលជាច្រើនម៉ោង នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទាំងភាគីជនរងគ្រោះ និងភាគីបង្កអំពើហិង្សា មិនបានឈាន ដល់ចំណុចព្រមព្រៀង ឬឯកភាព សម្របសម្រួលគ្នាឡើយ ដូច្នេះសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំសំណុំឯកសារ ដើម្បីបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ»៕