(ភ្នំពេញ)៖ លោក សេង ឈៀង មេបញ្ជាការអាវុធហត្ថខណ្ឌជ្រោយចង្វារ បានទទួលមរណភាពកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារជំងឺគាំងបេះដូង។

សពលោក សេង ឈៀង ត្រូវបានក្រុមគ្រួសារ និងកងកម្លាំងអាវុធហត្ថយកទៅតម្កល់ទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោក សេង ឈៀង ត្រូវបានគេដឹងថា ជានាយអាវុធហត្ថម្នាក់ ដែលមានការទទួលខុសត្រូវខ្ពស់លើការងារ និងបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានសម្តែងការអាណិតអាសូរយ៉ាងពន់ពេក និងមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលទទួលដំណឹងពីមរណភាពរបស់លោក សេង ឈៀង។ បើតាមលោក ឃ្លាំង ហួត, មេបញ្ជាការអាវុធហត្ថរូបតែងតែទំនាក់ទំនង និងធ្វើការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរ ព្រមទាំងមន្រ្តីមូលដ្ឋានទាំងអស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋមូលដ្ឋាន៕